(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ថ្មីៗនេះ បានចេញអនុក្រឹត្យចំនួនពីរ ស្តីពីការបង្កើតតំបន់ «សសរស្តម្ភសត្វតោ» និង«ភ្នំនាងកង្រី-ភ្នំទូកមាស» ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលមានផ្ទៃដីសរុបជិត៦ពាន់ហិកតា(៥៩០២) ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន។
តំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស» មានផ្ទៃដី៥០៦៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រងិល ឃុំពោធិ៍ ឃុំច្រណូក ឃុំដារ និងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយឡែកតំបន់ប្រើប្រាស់ច្រើនយ៉ាង«សសរស្តម្ភសត្វតោ » ដែលមានផ្ទៃដីសរុបចំនួន៨៣៩ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំបូរ ខេត្តក្រចេះ។
ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទាំងពីរនេះ មានគោលបំណងចំនួន៥ចំណុចធំៗ ទី១ ដើម្បីធានាឱ្យមានការថែទាំទីជម្រក និងស្ថេរភាពនៃប្រពន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់យូរអង្វែង ទី២ រក្សាលំនឹងបរិស្ថាន ការពារនិងអភិរក្សធនធានធម្មជាតិ និងរួមចំណែកធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ទី៣ លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព ទី៤ បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់ និងទី៥ ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។
សូមកត់សំគាល់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាង សំដៅដល់តំបន់ក្នុងដែនដីគោក និង/ឬដែនទឹក ដែលក្នុងនោះមានសម្បូរណ៍ដោយប្រព័ន្ធធម្មជាតិ ដែលពុំទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បីធានាការការពារ ការថែទាំធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់ពេលយូរអង្វែង។ ទន្ទឹមនឹងនេះដែរវាអាចផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។
អនុក្រឹត្យដែលមានហត្ថលេខារបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រង តំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានា កិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា ប្រព័ន្ធការពារធម្មជាតិនៅកម្ពុជា មាន តំបន់ការពារធម្មជាតិចំនួន៥០កន្លែង ដោយបូកបញ្ចូល តំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស»និង«សសរស្តម្ភសត្វតោ» និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធ តំបន់ការពារធម្មជាតិចំនួន៣កន្លែង ដែលគ្រប់ដណ្តប់លើផ្ទៃដី ប្រមាណ៧,៥លានហិកតា ស្មើនឹង៤១%នៃផ្ទៃដីទូទាំងប្រទេស៕