(ភ្នំពេញ)៖ លោក​ រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន រួមជាមួយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា មន្ទីរសង្គមកិច្ចខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបេឡាជាតិអតីតយុទ្ធជនខេត្ត ចុះបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចុះធ្វើបច្ចុប្បន្នភាពជូន​អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនជាច្រើនគ្រួសារនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ពិធីបើក និងធ្វើបច្ចុប្បន្នភាពនេះ បានធ្វើឡើងនាថ្ងៃអង្គារ-ពុធ ១០-១១កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកនាយកបេឡាជាតិអតីតយុទ្ធជន ក្នុងពេលនោះ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារ ជាការឆ្លើយតបទៅនឹងគុណបំណាច់ការបូជាសាច់ស្រស់ ឈាមស្រស់ ប្តូរយកសន្តិភាពជូនប្រទេសជាតិ រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ជាមួយគ្នានេះ ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវបានក្រុមការងារចុះបើកផ្តល់ ដល់មូលដ្ឋានផ្ទាល់ នៅតាមបណ្តារាជធានី ខេត្ត ជាបន្តបន្ទាប់ ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងសមិទ្ធិផលនានា ដែល រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ដើម្បីប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកនាយក បានបញ្ជាក់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្នុងវិស័យអតីតយុទ្ធជនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាំងពីគាត់នៅរស់រហូតដល់ស្លាប់ និងបន្តគិតគូរដល់គ្រួសារពួកគាត់ទៀតផង។

នាឱកាសនោះផងដែរ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន និងលោកប្រធានមន្ទីរខេត្តឧត្តរមានជ័យ ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ និងពាំនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូន គ្រួសារអតីតយុទ្ធជនក្រីក្រលំបាក ចំនួន៤គ្រួសារ នៅមូលដ្ឋានផ្ទាល់ ដើម្បីជួយសម្រួលដល់ការលំបាក របស់ពួកគាត់បានមួយរយៈ៕