(សៀមរាប)៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ បានថ្លែងក្នុងសិក្ខាសាលាស្ដីពី «ស្រី និងគ្រឿងស្រវឹង» ថា គ្រឿងស្រវឹងកំពុងតែវាយលុកយ៉ាងខ្លាំង នៅកម្ពុជានាបច្ចុប្បន្ន ពិសេសក្នុងស្រទាប់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ នាពេលអនាគត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របពេលដែលរដ្ឋាភិបាល បាននិងកំពុងលើកតម្កើងតម្លៃ និងតួនាទីស្រ្ដីឲ្យមានសមភាព និងសមធម៌ជាមួយបុរសនៅក្នុងសង្គម តាមរយៈការបង្កើនតួនាទីស្រ្តី ក្នុងភាពជាអ្នកដឹកនាំ ដើម្បីជំរុញសកម្មភាពចូលរួមក្នុងការកសាងជាតិ ជាពិសេសការធ្វើច្បាប់ គោលនយោបាយ និងបញ្ហាផ្សេងៗ ដូចជា បញ្ហាគ្រឿងស្រវឹងជាដើម។
លោកស្រី មាន សំអាន បានឲ្យដឹងថា សិក្ខាសាលានេះនឹងរួមគ្នាជជែកពិភាក្សាអំពីតួនាទី ដែលមិនអាចខ្វះបានរបស់ស្រ្តី ដើម្បីចែករំលែកព័ត៌មានអំពីស្ថានភាពនៃគ្រឿងស្រវឹង ដោយផ្ដល់ចំណេះដឹងអំពីផលប៉ះពាល់ នៃកាប្រើប្រាស់គ្រឿងស្រវឹង ស្វែងរកដំណោះស្រាយ និងវិធានការសមស្របប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីទប់ស្កាត់ហានីភ័យនានា ដែលបង្កឡើងដោយសារគ្រឿងស្រវឹង។
លោកស្រីបានបន្តថា គ្រឿងស្រវឹងបានបង្កបញ្ហាជាច្រើន ដល់សង្គមជាតិទាំងមូល រួមមានជំងឺឆ្លង-ជំងឺមិនឆ្លង អំពើហិង្សា ការចាប់រំលោភសេពសន្ថវៈ អំពើឃាតកម្ម ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ភាពក្រីក្រ គ្រោះថ្នាក់ចរាចរណ៍ ការបាត់បង់ផលិតភាព និងគុណភាពការងារ និងអសន្តិសុខសង្គម ហើយទុក្ខសោកវិនាសកម្មទាំងអស់នេះ មានការកើនឡើងជាលំដាប់ និងបានក្លាយជាកង្វល់របស់ប្រជាពលរដ្ឋ និងជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាល។ ដោយឡែកនៅកម្ពុជា គ្រឿងស្រវឹងកំពុងតែវាយលុកយ៉ាងខ្លាំង គួរឲ្យសង្វេគ ជាពិសេសក្នុងស្រទាប់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត។
លោកស្រីបានបញ្ជាក់ថា ដោយមើលឃើញពីសន្ទុះ នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងមានការកើនឡើងយ៉ាងគំហុកនៅក្នុងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយបានកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយមួយចំនួន ដើម្បីគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងគ្រប់គ្រងការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់៕