(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដើម្បីបង្កើតការងារឲ្យបានជាង ១.២លាននាក់ នៅឆ្នាំ២០២៥ និង ១.៧លាននាក់នៅឆ្នាំ២០៣០។
ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍២០១៧-២០២៥នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សាលាបណ្តុះបណ្តាល សមាគមទេសចរណ៍ ភាគីឯកជន និងសិស្ស-និស្សិតប្រមាណ ៤០០នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រនេះរៀបចំឡើង ជាផែនទីចង្អុលទិសក្នុងការបង្កើតការងារ និងជំនាញជូនយុវជនកម្ពុជាស្របតាមស្តង់ដារជាតិ និងអាស៊ាន និងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ២០២០- ២០៣០ (SDGs) របស់អង្គការសហប្រជាតិ តាមរយៈវិស័យទេសចរណ៍ ពោលគឺអនុលោមតាមសេចក្តីថ្លែងការរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៥ ដែលប្រកាសថា៖ «២០១៧ ជាឆ្នាំអន្តរជាតិស្ដីពីទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
លោកបន្តថា ដើម្បីសម្រេចគោលនយោបាយខាងលើ ក្រសួងទេសចរណ៍បានដាក់ចេញគោលដៅរួមមួយចំនួនបន្ថែមទៀត ដែលជាការរំពឹងទុកកើតចេញពីការអនុវត្តផែនការយុទ្ធសាស្រ្តខាងលើ។ ក្នុងនោះរួមមាន៖
១. ឆ្នាំ២០២០ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ ឲ្យបានប្រមាណ ១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដារជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។
២. ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ ឲ្យបានប្រមាណ ១.២លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដារជាតិ និងអាស៊ាន
៣. ឆ្នាំ២០៣០ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមសម្រេច ឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG4 «ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតដល់ជនគ្រប់រូប» និង SDG8 «ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប» ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្សក្រោមបរិបទជាតិ និងតំបន់។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីសម្រេចបានចក្ខុវិស័យរំពឹងទុកខាងលើ ក្រសួងទេសចរណ៍បានដាក់ចេញនូវទិសដៅសកម្មភាព សម្រាប់ឆ្នាំ២០១៨ និងខាងមុខ រួមមាន៖
ទី១៖ សហការគាំទ្រអនុវត្តកម្មវិធី ២០១៨៖ ឆ្នាំសម្រាប់ស្តង់ដារ និងវាយតម្លៃអ្នកជំនាញទេសចរណ៍ ឆ្ពោះទៅកាន់ការសិក្សាពេញមួយជីវិត សំដៅអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលដែលមានស្តង់ដារខ្ពស់ មានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធ និងធ្វើការវាយតម្លៃទទួលស្គាល់សមត្ថភាពអ្នកជំនាញទេសចរណ៍ ដែលកំពុងបម្រើការងារបច្ចុប្បន្ន តាមរយៈការវាយតម្លៃការសិក្សាពីមុនឲ្យទទួលបានគុណវុឌ្ឍិជាក់លាក់ ដើម្បីតម្រង់ទិសអាជីពការងារពេញមួយជីវិត។
ទី២៖ ដាក់ចុះនូវគម្រោងសាកល្បងកម្មវិធីហ្វឹកហាត់ការងារ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញកម្ពុជាឲ្យមានជំនាញវិជ្ជាជីវៈពិតប្រាកដ ស្របតាមទស្សនទានសកល «រៀនបណ្តើរ ធ្វើការបណ្តើរ»។ កម្មវិធីហ្វឹកហាត់ការងារក៏នឹងចូលរួមជំរុញឲ្យយុវជនក្រីក្រអាចមានលទ្ធភាពធ្វើការ និងសិក្សាក្នុងពេលតែមួយ ហើយទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រទទួលស្គាល់កម្រិតជាតិ និងអាស៊ាន។
ទី៣៖ អនុវត្តគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ពលករចំណាកស្រុក ដើម្បីផ្តល់ឱកាសការងារក្នុងវិស័យទេសចរណ៍ដល់ពលករទាំងនេះ។
ទី៤៖ សហការជាមួយភាគីពាក់ព័ន្ធ និងអ្នកជំនាញ ដើម្បីអភិវឌ្ឍន៍ជំនាញទេសចរណ៍ផ្នែកស្ប៉ា និងសុខុមាលភាព សំដៅលើកកម្ពស់ជំនាញវិជ្ជាជីវៈនេះ ឲ្យមានការទទួលស្គាល់កម្រិតជាតិ និងអាស៊ាន។
ទី៥៖ ដាក់ចុះអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ាន តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសទូទាំងប្រទេស ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងជំនាញផ្សេងៗទៀត។ កម្មវិធីបណ្តុះបណ្តាលនេះនឹងចូលរួមផ្តល់ជំនាញទេសចរណ៍ដល់យុវជនកម្ពុជា តាំងពីវ័យក្មេងកម្រិតវិទ្យាល័យ ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍអាជីពពេញមួយជីវិត។
ទី៦៖ ជំរុញកម្មវិធីឥណទានដល់សិស្សនិស្សិតរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីសម្រួលជីវភាពសិក្សា និងលើកទឹកចិត្តសិស្សានុសិស្សជាពិសេស សិស្សបោះបង់ការសិក្សា ពលករចំណាកស្រុកដែលត្រឡប់មកវិញ និងយុវជនស្ថិតក្នុងគ្រួសារក្រីក្រ ឱ្យចាប់យកជំនាញវិជ្ជាជីវៈទេសចរណ៍កាន់តែផុលផុសថែមទៀត។
ទី៧៖ បន្តជំរុញអនុវត្ត និងប្រើប្រាស់សៀវភៅជំនាញទេសចរណ៍ សម្រាប់កត់ត្រាគុណវុឌ្ឍិរបស់អ្នកជំនាញដែលបានបញ្ចប់ការសិក្សា និងទទួលការវាយតម្លៃរួចហើយសម្រាប់រកការងារធ្វើ និងអភិវឌ្ឍខ្លួនក្នុងវិស័យទេសចរណ៍បានយ៉ាងល្អប្រសើរ។
ទី៨៖ បន្តពង្រឹងសមត្ថភាពគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវទេសចរណ៍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលឱ្យមានសមត្ថភាពកាន់តែល្អប្រសើរ ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រដែលបានដាក់ចុះ។
សូមរំលឹកថា នៅឆ្នាំ២០១៦ កន្លងទៅ វិស័យទេសចរណ៍កម្ពជាសម្រេចបានកំណើន ៥% ដែលនាំចំណូលចូលសេដ្ឋកិច្ចប្រមាណ ៣,៤០០លានដុល្លារអាមេរិក ស្មើនឹង ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។ ដោយឡែកក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,៩១២,៧៦១នាក់ កើនឡើង ១១.៥% ធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ២០១៦៕