(ព្រះសីហនុ)៖ ថ្នាំញៀនជិត២គីឡូក្រាម ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះប្រតិបត្តិការបង្ក្រាបបាន នៅចំនួន៣ទីតាំងផ្សេងគ្នា នៅក្នុងក្រុងព្រះសីហនុ ដោយក្នុងនោះឃាត់ខ្លួនបានស្រ្ដីជាជនជាតិរុស្សីម្នាក់ និងជនជាតិខ្មែរចំនួន២នាក់ រួមទាំងវត្ថុមួយចំនួនធំទៀតផងដែរ។
ការចុះបង្ក្រាបទីតាំងទាំង៣ខាងលើនេះ ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក រស់ សារ៉ាំ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ករណីទី១ កម្លាំងជំនាញបានចុះបង្ក្រាបទីតាំងលាក់ទុកគ្រឿងញៀនខុសច្បាប់១កន្លែង នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នៅវេលាម៉ោង២១៖៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ Vasilyeva Yuliya ភេទស្រី សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 711888270 ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ និងដកហូត បានវត្ថុតាង៖ (ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន១៦កញ្ចប់ធំ, ទូរស័ព្ទដៃ៤គ្រឿង, លិខិតឆ្លងដែន៧ក្បាល និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង)។
ករណីទី២ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះ ខន សំណាង ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នៅវេលាម៉ោង ១៥៖០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន៤កញ្ចប់, ទូរស័ព្ទដៃ១គ្រឿង។
ករណីទី៣ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះ កែន សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ នៅឃុំរាម ស្រុកព្រៃនប់ ក្រុងព្រះសីហនុ នៅវេលាម៉ោង១៩៖៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ដកហូតបានវត្ថុតាង៖ ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់ធំ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងជំនាញស្នងការខេត្ត កំពុងរៀបចំសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕