Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ភ្នំនាងកង្រី-ភ្នំទូកមាស ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

29-11-2017 12:31

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានចេញអនុក្រឹត្យមួយ ដោយសម្រេចដាក់ «ភ្នំនាងកង្រី-ភ្នំទូកមាស» ដែលស្ថិតក្នុងភូមិសាស្ត្រឃុំត្រងិល ឃុំពោធិ៍ ឃុំច្រណូក ឃុំដារ និងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន។

តាមរយៈអនុក្រឹត្យចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គោលបំណងនៃការសម្រេចដាក់ភ្នំនេះ ជាតំបន់ប្រើប្រាស់ច្រើនយ៉ាងមានគោលដៅ ចំនួន៥ចំណុចដូចតទៅ៖

ទី១៖ ដើម្បីធានាឱ្យមានការថែទាំទីជម្រក និងស្ថិរភាពនៃប្រពន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់យូរអង្វែង

ទី២៖ រក្សាលំនឹងបរិស្ថាន ការពារនិងអភិរក្សធនធានធម្មជាតិ និងរួមចំណែកធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ

ទី៣៖ លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព

ទី៤៖ បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់

និងទី៥៖ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។

អនុក្រឹត្យដែលមានហត្ថលេខារបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រង តំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្ស ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា ប្រព័ន្ធការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា មាន តំបន់ការពារធម្មជាតិចំនួន៤៩កន្លែង ដោយបូក បញ្ចូលតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី-ភ្នំទូកមាស និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ចំនួន៣កន្លែង ដែលគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ៧,៥លានហិកតា ស្មើនឹង៤១%នៃផ្ទៃដីទូទាំងប្រទេស៕