(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី២៩​​ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ​ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនធំ​។

ករណីបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមពីអធិការដ្ឋានស្រុកចុងកាល់ ដឹកនាំដោយលោក កូយ កាន់យ៉ា ព្រះរាជអជ្ញាអមសាលាដំបូង​ ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ម៉ែន​ លី ស្នងការនគរបាលខេត្តបានឲ្យដឹងថា​ ការចុះបង្ក្រាបករណីជួញដូរចែកចាយ​ និងប្រើប្រាស់គ្រឿងញៀនបាន១ករណី នៅចំណុចភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ ជនសង្ស័យមានឈ្មោះ វួន ធាច ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ដកហូតសម្ភារៈ និងវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ice ចំនួន ៦កញ្ចប់តូច ស្មើ០.៤១ក្រាម ​ទូរស័ព្ទ០៤គ្រឿន កាបូបដាក់ឥវ៉ាន់ពណ៌ខ្មៅចំនួន១ នាឡិកាដៃ១គ្រឿង ជញ្ជៀន១វង្ស ប្រាក់បាតចំនួន ៥,៤១០បាត ប្រាក់រៀលចំនួន ១,១៣០​,០០០រៀល ដែកេះ៣ និងប្រដាប់ប្រដាសម្រាប់សេពគ្រឿងញៀនមួយចំនួន។

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្ដតាមនិតិវិធីច្បាប់៕