(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះមួយនៅក្នុងពិធីបើកកិច្ចសន្ទនាកម្រិតខ្ពស់រវាងបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយ១២២ មកពីជុំវិញពិភពលោក ដែលរៀបចំធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសចិន។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
កិច្ចសន្ទនាដែលផ្តួចផ្តើម និងរៀបចំឡើងដោយមហាយក្សចិននេះ ធ្វើឡើងក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ និងពិភពលោកដ៏ស្រស់ត្រកាល៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។ កិច្ចសន្ទនានេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៨ព្រឹកមិញនេះ។ តាមសេចក្តីជូនព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិននេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលទ្វេភាគីជាមួយលោក ហ្ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន។
សម្តេចតេជោ ហ៊ុន សេន ក៏នឹងអនុញ្ញាតឲ្យលោក ស៊ុង តាវ រដ្ឋមន្ត្រីនៃនាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ព្រមទាំងក្រុមហ៊ុនចិនមួយចំនួន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារផងដែរ៕