(ព្រះវិហារ)៖ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះវិហារលោក ហ៊ូ គា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា បន្ទាប់ពីសេចក្តីជូនដំណឹង ដែលមន្ទីរឧស្សាកម្ម និងសិប្បកម្មខេត្តព្រះវិហារ បានចែកដល់ដៃម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈនានានៅទូទាំងខេត្ត ស្តីពីការកែតម្រូវឧបករណ៍មាត្រាសាស្ត្រដែល មានប្រើប្រាស់តាមបណ្តា ក្រុមហ៊ុនស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈឲ្យបានត្រឹមត្រូវនោះ ក្រៅពីការពិន័យអន្តរការណ៍ជាប្រាក់ មន្ទីរនិងរៀបចំឯកសារឈាន ទៅដល់ការផ្អាក់ធ្វើអាជីវកម្ម បណ្តោះអាសន្ន ស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈនោះតែម្តង។
លោក ហ៊ូ គា បានថ្លែងឲ្យដឹងទៀតថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះវិហារ បានធ្វើលិខិតជម្រាបជូន ដល់ម្ចាស់ក្រុមហ៊ុនស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងខេត្តព្រះវិហារ ស្តីពីការកែឧបករណ៍មាត្រាសាស្ត្រ ដែលមានប្រើប្រាស់តាមបណ្តាក្រុមហ៊ុន ស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈ។
លោកបន្ដថា ដោយផ្អែកតាមលទ្ធផល នៃការចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ម៉ាស៊ីនបែងចែកប្រង (ដៃបាញ់ប្រេង) ដែលមានប្រើប្រាស់នៅតាមស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈមួយចំនួន ក្នុងឆ្នាំ២០១៧នេះ មន្ទីរពិនិត្យឃើញថា ម៉ាស៊ីនបែងចែកប្រេង (ដៃបាញ់ប្រេង) ដែលប្រើប្រាស់តាមស្ថនីយ៍ និងដេប៉ូប្រេងមួយចំនួន មានកម្រិតលំអៀងមិនត្រឹមត្រូវ អនុលោមតាម បទដ្ឋានបច្ចេកទេស ដែលបានកំណត់។
ជាមួយគ្នានេះដែរ មន្ទីរក៏បានពិនិត្យឃើញថា ម៉ាស៊ីនបែងចែកប្រេង (ដៃបាញ់ប្រេង) តាមបណ្តាស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈមួយចំនួនទៀត មានកម្រិតលំអៀងខ្វះខ្ពស់មិនទាន់អនុលោម តាមបទដ្ឋានបច្ចេកទេសបានកំណត់។ ដូច្នេះដើម្បីធានា បាននូវសុក្រិតភាពរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ មន្ទីរសូមធ្វើការណែនាំ ដល់ម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈដែលក្រុម ការងារមន្ទីរបានធ្វើការណែនាំដោយផ្ទាល់រួចហើយនោះ ត្រូវធ្វើការកែតម្រូវម៉ាស៊ីនបែងចែកប្រេងរបស់ខ្លួន ឲ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស។
ក្នុងករណីមន្ទីរពិនិត្យឃើញថា ឧបករណ៍បែងចែកប្រេង ដែលមានប្រើប្រាស់នៅតាមស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈ នៅតែមានកម្រិតលំអៀងខ្វះខ្ពស់ ពុំអនុលោមតាមបទដ្ឋានបច្ចេកទេស ដែលបានកំណត់ មន្ទីរនិងអនុវត្តន៍តឹងរឹងតាមប្រកាសរួម ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឫក៏អាចរៀបចំឯកសារ ឈានដល់ការផ្អាកធ្វើអាជីវកម្មបណ្តោះអាសន្នតែម្តង។
លោក ហ៊ូ គា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះវិហារ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមពិនិត្យមើលតាមស្ថានីយ៍ ឫដេប៉ូប្រេងឥន្ធនៈនានាពេលដែល យកយានយន្តទៅចាក់ប្រេង បើយល់ថាបរិមាណប្រេង ដែលយើងបានចាក់ពុំមានតុល្យភាព អាចរាយការណ៍មកមន្ទីរៗ និងចាត់ក្រុមការងារជំនាញចុះទៅពិនិត្យជូនភ្លាម៕