(ភ្នំពេញ)៖ វគ្គផ្សព្វផ្សាយមួយ ដែលមានប្រធានបទធំៗ ចំនួន៣ ពាក់ព័ន្ធនឹងចំណេះដឹង ជាមូលដ្ឋាន អំពីសុវត្ថិភាពម្ហូបអាហារផលប៉ះពាល់ដល់សុខភាពមនុស្ស ពីសារធាតុគីមីហាម ឃាត់ក្នុងម្ហូបអាហារ និងសារសំខាន់ របស់សារធាតុអ៊ីយ៉ូត ដែលត្រូវបានដាក់បញ្ចូល ក្នុងអំបិលអ៊ីយ៉ូត ត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀនសុណ្ណភូមិ២។
វគ្គផ្សព្វផ្សាយនេះ ប្រព្រឹត្តទីនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលាសុវណ្ណភូមិ២ ផ្ទាល់តែម្តង ដែលស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ខ្លឹមសារនៃវគ្គផ្សព្វផ្សាយ បានបង្ហាញនូវទ្រឺស្តី នៃវិទ្យាសាស្ត្រម្ហូបអាហារថា «គ្មានម្ហូបអាហារ ណាមួយដែលគ្មានសារធាតុគីមីនោះទេ គ្រាន់តែថាសារធាតុគីមីនោះកើតមានស្រាប់ពីធម្មជាតិ ឬមួយបានមកពីការដាក់បន្ថែមក្នុងដំណាក់កាលផលិត ហើយត្រឹមត្រូវតាមបទដ្ឋាន កំណត់ ឬអត់ ប៉ះពាល់ដល់សុខភាពមនុស្សឬមិនប៉ះពាល់ ឬមួយសារធាតុនោះ ត្រូវបានច្បាប់ អនុញ្ញាតឬអត់ តែប៉ុណ្ណោះ»។
វគ្គផ្សព្វផ្សាយក៏បង្ហាញឲ្យឃើញផងដែរថា ក្នុងចំណោមហានិភ័យម្ហូបអាហារធំៗទាំងបី រួមមាន៖ ហានិភ័យនៃផ្នែកអតិសុខុមជីវសាស្ត ហានិភ័យនៃផ្នែកគីមីសាស្ត្រ និងហានិភ័យ នៃកត្តារូបវ័ន្តនោះ ពោលគឺហានិភ័យនៃផ្នែកអតិសុខុមជីវសាស្ត្រ ត្រូវបានប្រឈមមុខជាងគ្នា ក្នុងគ្រប់ប្រទេសទាំងអស់លើពិភពលោក។ ដើម្បីកាត់បន្ថយនិងចៀសវាងហានិភ័យនេះ បទបង្ហាញបានណែនាំឲ្យអ្នកប្រើប្រាស់ទាំងឡាយអនុវត្តវិធានការ ចាំបាច់បួនគឺ ទី១៖ លាងដៃ បន្លែសាច់ សំភារៈផ្ទះបាយ ដោយទឹកស្អាតហើយហូរ, ទី២៖ ញែកអោយដាច់ កុំអោយ ប៉ះគ្នារវាង បន្លែស្រស់និងសាច់ឆៅ អាហារឆ្អិននិងអាហារឆៅ ជ្រុញ កាំបិត ហាន់បន្លែ និង ជ្រុញ កាំបិត ហាន់សាច់ សំភារៈដាក់បន្លែ និងសំភារៈដាក់សាច់ ។ ល។ ទី៣៖ បន្ទាប់ សីតុណ្ហភាពម្ហូបអាហារ អោយនៅក្រោម៤អង្សាសេ តាមរយៈការក្លាសេឬបង្កក និងទី៤ ៖ បង្កើនកំដៅអាហារអោយបានខ្ពស់ជាង៦៥អង្សាសេ ដោយការចំអិនឬរំងាស់។
វគ្គផ្សព្វផ្សាយក៏បានលើកបង្ហាញផងដែរ ពីផលវិបាកដល់សុខភាព នៃកង្វះសារធាតុអ៊ីយ៉ូត ដែលអាចនឹងធ្វើអោយមនុស្ស និងសត្វជួបបញ្ហាមួយចំនួនដូចជា ពកក បញ្ញាអន់ គរថ្លង់ ខ្សោយកំលាំង កាយសម្បទាលូនលាស់យឺត ក្រិន ពិសេសអាចបណ្តាលអោយ ទារកស្លាប់ ក្នុងផ្ទៃម្តាយ។ ក្នុងជីវភាពប្រចាំថ្ងៃ សារធាតុអ៊ីយ៉ូត៩០%បានមកពីការហូប ១០% បានមកពី ការផឹក ហើយ៨០%ស្ថិតក្នុងក្រពេញទីរ៉ូអ៊ីត និង២០%ស្ថិតក្នុងសរីរាង្គផ្សេងទៀតរបស់មនុស្ស។
ចៀសវាងបញ្ហាខាងលើ យើងត្រូវតែបរិភោគអោយបានញឹកញាប់នូវអាហារសមុទ្រ ពិសេសត្រូវប្រើប្រាស់អំបិលដែលមានសារធាតុអីយ៉ូតជាប្រចាំ។ ជាមួយនឹងបទបង្ហាញខាងលើ លោក ខៀវ បញ្ញាវឌ្ឍន៍ បានបញ្ជាក់ថា ចំណេះដឹងទូទៅ អំពីសុវត្ថិភាពម្ហូបអាហារអាហារជាកត្តាសំខាន់។ កង្វះចំណេះដឹងផ្នែកនេះ នឹងធ្វើអោយមាន ការខាតបង់ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ បត់បង់ធនធានមនុស្ស និងប៉ះពាល់ខ្លាំង ដល់សុភមង្គលគ្រួសារ ក៏ដូចជាសុខដុមភាពសង្គម។
ឆ្លើយនឹងសំណួរសួរថា តើបន្លែដែលមានសត្វល្អិតស៊ីដាក់លក់នៅលើទីផ្សារ ជាសញ្ញាណថា វាអត់មានសារធាតុគីមីមែនទេ ? លោក ខៀវ បញ្ញាវឌ្ឍន៍ឆ្លើយថា «វាពុំពិតដូចនោះទាំងស្រុងទេ ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត ខុសបច្ចេកទេស និងគ្មានបទដ្ឋានកំណត់ ហើយអនុវត្តរបៀបនេះដដែលៗរបស់កសិករ ការយ់ដឹងមិនគ្រប់គ្រាន់ នឹងធ្វើអោយសត្វល្អិតស៊ាំនឹងសារធាតុគីមីនោះ ហើយវានឹងនៅតែមានជីវិតស៊ីផល ដំណាំជា ធម្មតា។ ដូច្នេះ បន្លែផ្លែឈឺដែលមានស្នាមសត្វល្អិតស៊ី ពុំប្រាកដថាសុទ្ធតែជា សញ្ញាណបញ្ញាក់ ថា ផលិតផលនោះ គ្មានប្រើប្រាស់សារធាតុគីមីនោះទេ »។
ចំពោះសំណួរសួរថា តើការលាងបន្លែផ្លែឈើ ដោយទឹកអង្ករ សាជូ ទឹកខ្មេះ ទឹកក្រូចឆ្មា ... អាចលាងបំបាត់សារធាតុគីមី បានដែរឬយ៉ាងណា ? លោក ខៀវ បញ្ញាវឌ្ឍន៍ឆ្លើយថា «អាចជំរុះឬបំបាត់ បាក់តេរីឬវីរុស ដែលទំនៅតែស្រទាប់ក្រៅតែប៉ុណ្ណោះ ។ សំរាប់សារធាតុគីមី ដែលដំណាំស្រូបយកតាមរយៈឬស ទង និងស្លឹក ចូលទៅក្នុងសាច់ ក្នុងផ្លែ ហើយនៅមិន ទាន់បំលែងអស់នោះ យើងមិនអាចលាងបំបាត់បានទេ។ យ៉ាងណាក្តី គ្រូបង្គោលរូបនេះបញ្ញាក់ថា ការលាងសាច់ បន្លែ ផ្លែឈើ នឹងទឹកស្អាតហើយហូរ ឬតាមរបៀបសាមញ្ញ ដូចសំណួរខាងលើ ក៏អាចជួយបានក្នុងមួយកំរិតណាមួយនោះដែរ ប៉ុន្តែមិនទាំងស្រុងទេ» ៕