(បន្ទាយមានជ័យ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) សហការជាមួយមូលនិធិអង្គការ Planet Water បាននាំយកនូវប៉មចម្រោះទឹកស្អាតចំនួន២ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យថ្មពួក និងវិទ្យាល័យឈ្នួរមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះ។
ប្រព័ន្ធចម្រោះទឹក AquaTower នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សជាង ១,៥០០នាក់ នៃអនុវិទ្យាល័យទាំង២នេះ ដែលពួកគេភាគច្រើនធ្លាប់ប្រើប្រាស់ និងទទួលទានទឹកមិនស្អាត ចេញពីទឹកស្រះ ឬអណ្តូង សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ នេះគឺជាគម្រោងសាងសង់ប៉មចម្រោះទឹកស្អាតទី៤ និងទី៥ បន្ទាប់ពីប៉មចម្រោះទឹកស្អាតចំនួន៣ ត្រូវបានសាងសង់ និងដាក់អោយប្រើប្រាស់រួចរាល់នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ស្ពី។
នៅក្នុងឱកាសសម្ពោធដាក់អោយប្រើប្រាស់ ប៉មចម្រោះទឹកស្អាតនេះផងដែរ លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានថ្លែងអំណរគុណដល់អង្គការដៃគូ ពោលគឺមូលនិធិអង្គការ Planet Water និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ សម្រាប់ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសាងសង់ប៉មចម្រោះទឹកស្អាត )AquaTower) ព្រមទាំងផ្តល់ជូនកម្មវិធីអប់រំអំពីអនាម័យដល់សិស្សានុសិស្ស។
លោក រស់ សោភា បានបន្ថែមថា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានមោទនភាព ដែលមាន វត្តមាននៅព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ ហើយក្រុមហ៊ុនធ្វើការប្តេជ្ញាចិត្ត ក្នុងការកសាងសហគមន៍មួយប្រកបដោយនិរន្តភាព ។ ហើយគម្រោង ទឹកស្អាតនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលការណ៏និរន្តភាពនេះ។
នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) បានពង្រឹងការប្តេជ្ញាចិត្ត ក្នុងការនាំយកទឹកស្អាត ក៏ដូចជាកម្មវិធីអប់រំអំពីអនាម័យ ដល់សហគមន៍នៅកម្ពុជា ដោយផ្តោតលើភូមិ-ឃុំដាច់ស្រយាលចំនួន៧ នៅក្នុងខេត្តសៀមរាប កំពង់ស្ពឺ បាត់ដំបង និង បន្ទាយមានជ័យ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក កញ្ញា ឡាវ ស្រីដែត ប្រធានផ្នែកសហប្រតិបត្តិការ និងកិច្ចការសាធារណៈតាមរយៈ៖ អ៊ីម៉ែល៖ [email protected]៕