(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ចលើអង្គការសង្គមស៊ីវិល ពេលនេះកំពុងតែសិក្សា និងស្រាវជ្រាវលើករណីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបង្កើតឡើងដោយ លោក កឹម សុខា បន្ទាប់ពីមានការសង្ស័យថា អង្គការមួយនេះបានធ្វើការបម្រើបរទេស។ នេះបើតាមលោក ឈឹម កាន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការសិក្សា និងស្រាវជ្រាវនេះ បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីកិច្ចសំណេះសំណាល ជាមួយតំណាងកម្មករ កម្មការិនី ជិត៥ពាន់នាក់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះថា «មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញត្រូវបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេសណា! អាហ្នឹងគួរមើល ក្រសួងមហាផ្ទៃគួរមើល ព្រោះអាហ្នឹងបរទេសជាអ្នកឲ្យបង្កើតមិនមែនខ្មែរទេ»។
លោក ឈឹម កាន បានបញ្ជាក់បន្ថែមថា នៅពេលនេះ ក្រសួងមហាផ្ទៃមិនទាន់សម្រេចថា យ៉ាងម៉េចនៅឡើយទេ ដោយរង់ចាំមើលការសិក្សាស្រាវជ្រាវសិន ហើយការសិក្សានេះ ធ្វើដោយមន្រ្តីជំនាញក្រសួងមហាផ្ទៃ ដោយមិនបង្កើតគណៈកម្មការស្រាវជ្រាវឡើយ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានលោក កឹម សុខា បង្កើតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០២ ដោយអហអាងថា ក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ ដឹកនាំដោយលោកស្រី ចក់ សុភាព។ មជ្ឈមណ្ឌលនេះ ក៏បានបង្កើតសារព័ត៌មាន VOD នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៣ ផងដែរ៕