(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានជួបសំណេះសំណាលជាមួយសមាជិក និងបេក្ខជនក្រុមប្រឹក្សា ខណ្ឌ សង្កាត់ និងសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៣០០នាក់ ដែលបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅស្នាក់គណបក្សប្រជាជនកម្ពុជារាជធានី ស្ថិតតាមបណ្តោយផ្លូវ២០០៤។

ក្នុងពិធីនោះ ក៏មានការប្រកាសជាទទួលស្គាល់ជាផ្លូវការ នូវសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ទាំង៣០០នាក់ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាផងដែរ បន្ទាប់ពីពួកគាត់សម្រេច ដើរចេញពីអតីតបក្សរបស់ខ្លួន ព្រោះតែអំពើក្បត់ជាតិរបស់មេដឹកនាំបក្សប្រឆាំងមួយនេះ។

ថ្លែងក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានលើកឡើង និងជម្រាបជូន សមាជិក សមាជិកបក្សទាំងអស់ ពីសភាពការណ៍វិវត្តន៍ថ្មីៗចុងក្រោយ ជុំវិញការឈានដល់ការ រំលាយបក្សសង្គ្រោះជាតិ ដោយសាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។

លោកបានថ្លែងថា ប្រសិនបើបក្សសង្គ្រោះជាតិ មិនធ្វើអ្វីឲ្យខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ និងមិនមានចេតនាប្រើមធ្យោបាយទុច្ចរិតជាច្រើន ដោយមានការឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទេនោះ ក៏បក្សនេះមិនរលាយដែរ ប៉ុន្តែភស្តុតាងឃើញ ច្បាស់ណាស់ គឺគណបក្សដែលមានអង្គការ ចាត់តាំងនយោបាយនេះ បានធ្វើផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ រួមទាំងរួមដៃជាមួយបរទេស ចង់បំផ្លាញប្រទេសកម្ពុជា តាមរយៈមធ្យោបាយទុច្ចរិតជាច្រើន៕