(ភ្នំពេញ)៖ តាមរយការណ៍របស់អនុគណៈកម្មការទី២ (អនុគណៈកម្មការត្រួតពិនិត្យ ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក) បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល១០ខែដំបូង នៃឆ្នាំ២០១៧ បានកើតឡើងចំនួន២,៩៥៨លើក បណ្តាលឲ្យស្លាប់ចំនួន ១,៤៦៩នាក់ និងរបួសចំនួន៤,៥៣០នាក់ ក្នុងនោះជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ចំនួន៤.៨នាក់ និងរបួសចំនួន ១៥.១នាក់ ដោយសារមូលហេតុការបើកបរលើសល្បឿនកំណត់៣៦% មិនគោរពសិទ្ធិ១៦% មិនប្រកាន់ស្តាំ១៣% វ៉ាជែង១១% បត់១០% ស្រវឹង១០% កត្តាយានយន្ត៣% និងងងុយ១%។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ គ្រោះថ្នាក់ថយចំនួន៤៣លើក ស្មើ១% ស្លាប់កើនចំនួន៤៤នាក់ ស្មើ៣% និងរបួសថយចំនួន៨២៣នាក់ ស្មើ១៨%។
ពាក់ព័ន្ធរថយន្តដឹកអ្នកដំណើរ៖ រយៈពេល១០ខែដំបូងនៃឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍មានចំនួន៥៥លើក បណ្តាលឲ្យស្លាប់ចំនួន៣៦នាក់ និងរបួសចំនួន១៦៤នាក់ ក្នុងនោះបង្កឡើងដោយក្រុមហ៊ុនដឹកអ្នកដំណើរចំនួន៣៣លើក ស្នើ៦០% ដោយសារមូលហេតុការបើកបរលើសល្បឿនកំណត់ ២១លើក មិនគោរពសិទ្ធិ០៩លើក មិនប្រកាន់ស្តាំ០៧លើក វ៉ាជែង០៨លើក ខុសលក្ខណៈបច្ចេកទេស០៥លើក ស្រវឹង០១លើក បត់មិនប្រយ័ត្ន០២លើក មនុស្សរត់ចូលឡាន០២លើក។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ គ្រោះថ្នាក់កើនចំនួន៣០លើក ស្មើ១២០% ស្លាប់កើនចំនួន០៦នាក់ ស្មើ២០% និងរបួសកើនចំនួន១០នាក់ ស្មើ៦%។
ពាក់ព័ន្ធរថយន្តដឹកទំនិញ៖ រយៈពេល១០ខែដំបូងនៃឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍មានចំនួន៥0លើក បណ្តាលឲ្យស្លាប់ចំនួន៣១នាក់ និងរបួសចំនួន៣៥នាក់ ក្នុងនោះបង្កឡើងក្រុមហ៊ុនដឹកជញ្ជូនទំនិញចំនួន២៥លើក ស្មើ៥០% ដោយសារមូលហេតុ ការបើកបរលើសល្បឿនកំណត់២២លើក, មិនគោរពសិទ្ធិ០៧លើក, មិនប្រកាន់ស្តាំ០១លើក វ៉ាជែង០៩លើក, បត់មិនប្រយ័ត្ន០២លើក, ងងុយ០២លើក, លក្ខណៈបច្ចេកទេស០៣លើក, ដួលចូលឡាន០១លើក, ថ្នើជើងរត់ចូលឡាន០២លើក, រេចង្កូតធ្លាក់ផ្លូវ ០១លើក។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ គ្រោះថ្នាក់ថយចំនួន៦៧លើក ស្មើ៥៧% ស្លាប់ថយចំនួន៥៤នាក់ ស្មើ៦៣% និងរបួសថយចំនួន១២៧នាក់ ស្មើ៧៨%។
របាយការណ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនប្រេងឥន្ធនៈមានចំនួន១១លើក ស្លាប់ចំនួន០៥នាក់ និងរបួសចំនួន០៩នាក់ ហើយមូលហេតុកើតគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿនកំណត់០៦លើក, មិនគោរពសិទ្ធ ០២លើក, ប្រជែងគ្រោះថ្នាក់០២លើក, ខុសលក្ខណៈបច្ចេកទេស០១លើក។ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ គ្រោះថ្នាក់កើនចំនួន០៥លើក ស្មើ៨៣% ស្លាប់កើនចំនួន០២នាក់ ស្មើ៦៦% និងរបួសកើនចំនួន០៦នាក់ ស្មើ២០០%។
ថ្លែងក្នុងសិក្ខាសាលាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានណែនាំឲ្យគ្រប់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវយកចិត្តទុកបន្ថែមទៀត ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ ពិសេសការងារគ្រប់គ្រងអ្នកបើកបរ និងការត្រួតពិនិត្យលក្ខណៈយានយន្ត។
សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម ក្នុងការដឹកជញ្ជូន ការងារគ្រប់គ្រងរបស់ក្រុមហ៊ុន ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ និងក្រុមហ៊ុនដែលមានគ្រោះថ្នាក់ចរាចរណ៍តិចតួច ដើម្បីចែករំលែកបទពិសោធន៍ ដល់បណ្តាក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀត ទទួលការណែនាំអំពីទិសដៅ សម្រាប់អនុវត្តបន្តនៅឆ្នាំ២០១៨ ក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះការដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ៕