(ភ្នំពេញ)៖ ពេលវេលានៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០១៧ នៅសល់ថ្ងៃនេះ និងថ្ងៃស្អែកប៉ុណ្ណោះ ការបង់ពន្ធនេះនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ដោយប្រកាសឱ្យម្ចាស់យានយន្ដទាំងអស់ ដែលមិនទាន់ទៅបំពេញកាតព្វកិច្ច បង់ពន្ធលើធម្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៧ ប្រញាប់រួសរាន់ទៅបង់ពន្ធឲ្យទាន់ពេលវេលា ជៀងវាងរងការផាកពិន័យទ្វេដង។
អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹង ត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចជាពិសេស នគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធ៕