(ភ្នំពេញ)៖ ធនាគារពិភពលោក បានបញ្ជាក់ជំហរថា ខ្លួនរីករាយនឹងបន្តជួយដល់កម្ពុជា ប្រសិនបើកម្ពុជាត្រូវការសិក្សាបន្ថែមទៀត នូវអ្វីដែលចាំបាច់ ដែលវិស័យអគ្គិសនីកម្ពុជាត្រូវធ្វើ ដើម្បីឈានដល់ទៅរកគោលដៅវិស័យអគ្គិសនីឆ្នាំ២០២០។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ធ្វើយ៉ាងណាឲ្យប្រទេជាតិទាំងមូល មានអគ្គិសនីប្រើប្រាស់បាន គ្រប់គ្រាន់នៅឆ្នាំ២០២០ ពោលគឺគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់។
ការបញ្ជាក់ជំហរយ៉ាងដូច្នេះរបស់ធនាគារពិភពលោក ធ្វើឡើងក្នុងឱកាសដែលលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងសហការី បានទួលជួបពិភាក្សាជាមួយ លោកស្រី Julia M. Fraser នាយកទទួលបន្ទុកផ្នែកថាមពល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ជាមួយសហការី នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបង្ហោះលើ Facebook ផ្លូវការរបស់ខ្លួនបានបញ្ជាក់ថា ក្នុងជំនួបនោះ ភាគីទាំង២ បានផ្លាស់ប្តូរយោបល់លើលទ្ធផល នៃការសិក្សារបស់ធនាគារពិភពលោក អំពីការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ដែលបានមើលឃើញថា ការអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មនៅកម្ពុជា មានការរីកចំរើនយ៉ាងលឿន ចេញពី១៤% នៃលំនៅដ្ឋាន ទទួលការផ្គត់ផ្គង់នៅ១០ឆ្នាំមុន មក៧០%នៅពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានលើកឡើង នូវការប្រឈមខ្លះៗ ដែលក្រុមសិក្សាបានពិនិត្យឃើញ ដូចជាបញ្ហាស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ដែលធ្លាក់ចុះនៅតំបន់ខ្លះ នៃការផ្គត់ផ្គង់ដែលកម្ពុជាត្រូវ បន្តការអភិវឌ្ឍជាបន្តទៀត ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ភាគីធនាគារពិភពលោកបាន បញ្ជាក់ជូនប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាថា «ប្រសិនបើមានការស្នើសុំពីភាគីកម្ពុជា ធនាគារពិភពលោកសប្បាយរីករាយ នឹងបន្តចូលរួមជួយធ្វើការសិក្សាបន្ថែមទៀតនូវអ្វី ដែលចាំបាច់សម្រាប់វិស័យអគ្គិសនីកម្ពុជា ត្រូវធ្វើដើម្បីឈានទៅរកគោលដៅវិស័យអគ្គិសនីឆ្នាំ ២០២០ របស់រាជរដ្ឋាភិបាល»។
គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៧នេះ ការផ្តត់ផ្គង់អគ្គិសនីនៅកម្ពុជា បានភ្ជាប់ដល់ក្នុងភូមិចំនួន ១១,៤០០ភូមិ ស្មើនឹង៧៩ភាគរយទទួលបានការប្រើប្រាស់អគ្គិសនី ខណៈឆ្នាំ២០២០ រាជរដ្ឋាភិបាលដាក់ផែនការ ឲ្យប្រជាពលរដ្ឋនៅ១៤,១៦៨ភូមិទូទាំងប្រទេស មានអគ្គិសនីប្រើប្រាស់១០០%៕