(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការស្តីទី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លៃងប្រាប់បណ្តាញអង្គភាព ព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះបានបញ្ជាក់ អំពីការអវត្តមានរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងប្រទេសកម្ពុជា ដោយការអវត្តមាននេះ គឺដោយសារនាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបំពេញទស្សនកិច្ចជាឯកជនរយៈពេលខ្លី នៅក្នុងឱកាសអបអរ ដែលកូនស្រីរបស់លោក បានបញ្ចប់ការសិក្សានៅក្រៅប្រទេស ប្រកបដោយជោគជ័យ។
ការចេញមកបញ្ជាក់យ៉ាងដូច្នេះពីសំណាក់ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ក្រោយពីពេលថ្មីៗនេះ តាមបណ្តាញព័ត៌មានសង្គម និងសារព័ត៌មានមួយចំនួន បានផ្សាយព័ត៌មាន ដោយពុំមានប្រភពច្បាស់លាស់ អំពីអវត្តមានរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នេត សាវឿន។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ការដែលសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជា អគ្គស្នងការនគរបាលស្តីទី នៅពេលអគ្គស្នងការ ទទួលបាននូវច្បាប់សំរាករយៈពេលខ្លី ឬត្រូវចេញទៅបំពេញទស្សនកិច្ច នៅបរទេស គឺពុំមែនជាអ្វីដែលប្លែកនោះទេ ពោលវាគឺជារបៀបរបប ក្នុងដឹកនាំក្នុងជួរកងកម្លាំងនគរបាលជាធម្មតា៕