(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា វត្តមានតំណាងរាស្ត្រថ្មី ៤៤អង្គ/រូបនៅក្នុងវិមានរដ្ឋសភា គឺជាការរស់ឡើងវិញនៃសំឡេង និងឆន្ទៈរបស់ប្រជាពលរដ្ឋភាគតិចក្នុងការចូលរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ក៏ដូចជាឯករាជ្យភាព និងអធិបតេយ្យភាពជាតិផងដែរ។

ការថ្លែងរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីតំណាងរាស្ត្រថ្មី ៤៤អង្គ/រូប បានយាង និងអញ្ជើញសច្ចាប្រណិធាន សោយ និងផឹកទឹកសម្បថនៅក្នុងព្រះបរមរាជវាំងចំពោះមុខព្រះភ័ក្រ្តព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាសង្ឃរាជទាំងពីរគណៈនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ក្រោយការសច្ចាប្រណិធាន សោយ និងផឹកទឹកសម្បថរួចទៅតំណាងរាស្ត្រថ្មី គឺបានក្លាយជាសមាជិកសភាពេញលេញក្នុងការបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋនៅវិមានរដ្ឋសភា។

លោក ផៃ ស៊ីផាន បានលើកឡើងថា បើទៅគណបក្សទាំង៣មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលអាសនៈក្នុងរដ្ឋសភាកាលពីឆ្នាំ២០១៣យ៉ាងណាក្តី តែគណបក្សទាំង៣នេះ ក៏ទទួលបានសំឡេងពីប្រជាពលរដ្ឋជាច្រើនសំឡេង ដែលមិនមែនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ឬអតីតគណបក្សសង្គ្រោះជាតិ។ លោក ផៃ ស៊ីផាន បានចាត់ទុកវត្តមានតំណាងរាស្ត្រថ្មីនេះថា ជាការពង្រឹងសក្តានុពលភាពនៃសំឡេងភាគតិចនៅក្នុងរដ្ឋសភា។

លោក ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះ «ទោះបីជាគណបក្សទាំងបីនេះ មិនទទួលបានសន្លឹកឆ្នោតគ្រប់គ្រាន់ ដើម្បីអាសនៈនីមួយៗក៏ដោយ ក៏គេទទួលបានសំឡេងពីប្រជាពលរដ្ឋដែលមិនមែនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងពេលនេះ គឺតាមអំណាចច្បាប់។ របត់នយោបាយមួយដែលទទួលបាននូវកិច្ចពង្រឹងសក្តានុពលភាពនៃសំឡេងភាគតិចនៅក្នុងរដ្ឋសភា។ ឆន្ទៈរបស់ប្រជាពលរដ្ឋភាគតិចត្រូវបានជាន់ឈ្លី និងបោះបង់ចោលកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ CNRP ទៅក្នុងតួនាទីជាអ្នកតំណាងរាស្រ្ត សំឡេងភាគតិចនៅក្នុងសភាកាលពីអតីតកាល។ ផ្ទុយទៅវិញគេតែងតែកៀរគរបរទេសឲ្យមកលុកលុយ ប្រឆាំង និងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ពាណិជ្ជករ កម្មករ ក៏ដូចជាដែនអធិតេយ្យ និងឯករាជ្យជាតិ។ សកម្មភាពទាំងអស់នោះ ដែលបានប្រព្រឹត្តិ គឺផ្ទុយពីមាត្រា៤៩ នៃរដ្ឋធម្មនុញ្ញដែលបានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និង គោរពច្បាប់»

លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។ «សិទ្ធិនយោបាយដែលជាសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានាក្រៅពីមន្រ្តី CNRP ចំនួន១១៨នាក់ ដែលហាមរាល់សកម្មភាពនយោបាយក្នុងរយៈពេល៥ឆ្នាំ គឺគេទាំងអស់នោះ មានសិទ្ធិចូលរួមជីវភាពនយោបាយជាមួយ CPP ឬមួយគណបក្សដទៃទៀត ឬក៏អាចបង្កើតគណបក្សថ្មីរបស់ខ្លួនបាន។ ថ្ងៃនេះជាការរស់ឡើងវិញនៃសំឡេង និងឆន្ទៈ របស់ប្រជាពលរដ្ឋភាគតិចក្នុងការចូលរួមចំនែការកសាងប្រទេសជាតិ និងការពារមាតុភូមិក៏ដូចជាឯករាជ្យភាព និងអធិបតេយ្យភាពជាតិផងដែរ»។

លោក ផៃ ស៊ីផាន បានរំលឹកថាក្រុមភាគច្រើននៅក្នុងរដ្ឋសភា គឺទទួលបានសិទ្ធិ និងអាណត្តិ ក្នុងការដឹកនាំ ការធ្វើច្បាប់ និងការធ្វើវិសោធនកម្មច្បាប់។ ជោគវាសនារបស់ប្រជាពលរដ្ឋភាគតិច គឺស្ថិតក្នុងកណ្ដាប់ដៃរបស់គណបក្សតំណាងភាគតិចក្នុងរដ្ឋសភា គឺមិនពឹងផ្អែកទៅលើបរទេសនោះឡើយ៕