(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសហការគ្នាបើកវគ្គបណ្តុះបណ្តាលជំនាញលើការគ្រប់គ្រងសេដ្ឋកិច្ច ជូនមន្រ្តីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងមកពីអគ្គនាយកដ្ឋាននានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ និងនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីឲ្យពួកគេទទួលបានជំនាញលើការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុកាន់តែល្អប្រសើរ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់លោកស្រី សារ៉ា យ៉ុងចូវ នាយិកាស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តតាមរបៀបជារៀបចំធ្វើបឋកថាជាស៊េរីពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ចលើប្រធានបទចំនួន០៣ គឺគោលនយោបាយសារពើពន្ធ, ស្ថេរភាពហិរញ្ញវត្ថុ, និងការធ្វើសមាហរណកម្មហិរញ្ញវត្ថុ សារពើពន្ធ និងរូបិយវត្ថុ។ ការធ្វើបឋកថាជាស៊េរីពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ នឹងត្រូវធ្វើឡើងដោយបណ្ឌិត Peter JN Sinclair ដែលជាសាស្រ្តាចារ្យដ៏ល្បីល្បាញមកពី សាកលវិទ្យាល័យ Birmingham និងសាកលវិទ្យា Oxford។
លោក វង្សី វិស្សុត បានថ្លែងថា វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ មានគោលបំណងធ្វើឱ្យសិក្ខាកាមទទួលបានការយល់ដឹងកាន់តែច្បាស់អំពីគោលគំនិតធំៗ និងទ្រឹស្តីធំៗ ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងគោលនយោបាយសារពើពន្ធ ជាពិសេសបញ្ហាបច្ចុប្បន្នភាពនៃគោលនយោបាយសារពើពន្ធនៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរថ្មីនៃសេដ្ឋកិច្ចពិភពលោកក្នុងពេលបច្ចុប្បន្ន រួមទាំងបច្ច័យនៃការផ្លាស់ប្តូរនេះមកលើគោលនយោបាយសារពើពន្ធ។
លោកថា គោលនយោបាយសារពើពន្ធ គឺជាជន្ទល់នៃសេដ្ឋកិច្ចទាំងមូល ហើយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកំណើន, ការបង្កើតការងារ, បញ្ហាសមធម៌ រហូតទៅដល់បញ្ហាវិសមភាពទៀត។
លោក វង្សី វិស្សុត បានបន្តថា ការអនុវត្តគោលនយោបាយសារពើពន្ធ ជាពិសេសពាក់ព័ន្ធពន្ធដារ គឺចាំបាច់ត្រូវគិតគូរទៅដល់បរិការណ៍ និងលក្ខខណ្ឌជាក់ស្តែងនៅក្នុងស្រុកផ្ទាល់ ហើយមិនត្រូវគិតគូរតែទៅលើកត្តាសង្គម និងសេដ្ឋកិច្ចតែមួយមុខទេ តែត្រូវគិតគូរផងដែរទៅដល់បញ្ហាវប្បធម៌ សមធម៌ និងបរិការណ៍នយោបាយរបស់ប្រទេស ដោយផ្សារភ្ជាប់ការគិតទៅនឹងក្របខណ្ឌវែងឆ្ងាយពី ១០ ទៅ ១៥ ឆ្នាំទៅមុខ។
ដោយឡែក សម្រាប់កម្ពុជាដែលជាប្រទេសមានប្រភពចំណូលពន្ធផ្អែកលើប្រាក់ចំណូល (Tax base revenue) គឺចាំបាច់ណាស់ត្រូវបង្កើតមូលដ្ឋានយកពន្ធឱ្យបានច្រើនជាមុនសិន មុននឹងប្រមូលពន្ធ ឬអាចនិយាយតាមបែបសាមញ្ញាថា ត្រូវចិញ្ចឹមក្ងាន់សម្រាប់ទុកយកពងវាហូបឱ្យបានច្រើន តែមិនត្រូវកាប់មេក្ងាន់ហូបទេ។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា «បើយើងមិនអាចបង្កើតមូលដ្ឋានយកពន្ធឱ្យបានច្រើនទេ គឺយើងមិនអាចបង្កើនការប្រមូលចំណូលពន្ធបាននោះទេ។ ក្នុងក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលនឹងធ្វើការត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសារពើពន្ធ ដែលមានលក្ខណៈសមស្របតាមលក្ខខណ្ឌជាក់ស្តែងរបស់កម្ពុជា សំដៅធ្វើឱ្យប្រព័ន្ធនេះក្លាយទៅជាឃ្នាស់សេដ្ឋកិច្ចមួយយ៉ាងពិតប្រាកដ ដោយមានការគិតគូរច្បាស់លាស់ពីទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ដោយឈរលើគោលការណ៍សមធម៌ យុត្តិធម៌សង្គម ប្រសិទ្ធភាពសេដ្ឋកិច្ច តម្លាភាព និងគណនេយ្យភាព នៅក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក»។
«ព្រមពេលជាមួយនេះ រាជរដ្ឋាភិបាលក៏កំពុងរៀបចំការកែទម្រង់ប្រព័ន្ធថវិកា ដែលមានរយៈពេលវែង ក្នុងគោលបំណងប្រែក្លាយថវិកាជាតិឲ្យទៅជាឧបករណ៍កាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើឲ្យការអភិវឌ្ឍន៍របស់ប្រទេសផង និងធ្វើឱ្យប្រព័ន្ធសារពើពន្ធរបស់ប្រទេសរបស់យើងអាចដំណើរការដោយរលូនផង»។ លោក វង្សី វិស្សុត បានបញ្ជាក់បន្ថែម។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កន្លងមកមានប្រទេសអ្នកមាន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួន តែងតែមកផ្តល់ដំបូន្មានឲ្យប្រទេសកំពុងអភិវឌ្ឍន៍មានវិន័យខ្ពស់ក្នុងការគ្រប់គ្រងថវិកាជាតិ ដោយពួកគេបានណែនាំឲ្យប្រទេសទាំងនោះ ត្រូវខំខ្ទប់កំណើនចំណាយថវិកាជាតិ ដើម្បីកុំឱ្យមានឱនភាពថវិកាជាតិ ហើយព្រមានអំពីហានិភ័យផ្នែកសេដ្ឋកិច្ចដែលកើតចេញពីការបង្កើនការចំណាយ។ តែផ្ទុយទៅវិញ ប្រទេសអ្នកមានទាំងនោះ តែងតែបង្កើនការចំណាយរបស់ខ្លួនជានិច្ច តាមរយៈការខ្ចីប្រាក់ ដើម្បីធ្វើហិរញ្ញប្បទានការចំណាយរបស់ខ្លួន ដែលធ្វើឱ្យកម្រិតបំណុលចេះតែកើនឡើងឥតឈប់ ហើយទំហំឱនភាពថវិកាជាតិក៏កាន់តែធំ។
ប្រការនេះ មានបច្ច័យប៉ះពាល់ផងដែរដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារត្រូវបង់ថ្លៃលើការប្រែប្រួលតម្លៃរូបិយវត្ថុ និងអត្រាការប្រាក់។ការរាំងខ្ទប់ចំណាយខ្លាំងពេក ជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ គឺតិច ឬច្រើននឹងធ្វើឱ្យប៉ះពាល់កំណើនសេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ តែទោះយ៉ាងណាក៏ដោយ សម្រាប់ប្រទេសកម្ពុជា គឺយើង តែងតែប្រកាន់ខ្ជាប់នូវវិន័យនៅក្នុងការគ្រប់គ្រងថវិកាជាតិ ជាពិសេសគឺយើងបានគ្រប់គ្រងបំណុលសាធារណៈរបស់ប្រទេសបានយ៉ាងល្អ។ ក្នុងបរិការណ៍នេះ កម្ពុជាមានលទ្ធភាព និងលំហច្រើនថែមទៀត ក្នុងការខ្ចីប្រាក់ពីគេ សម្រាប់ធ្វើហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍របស់ខ្លួន៕