(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋានក្រោមការអនុញ្ញាតពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគោលដៅ សិប្បកម្មដែកស្មិត ស្ថិតនៅ ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ ក្នុងនោះស្រី៣នាក់ ពីបទលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ បានប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ ត្រូវបាននាំមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕