(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបែងចែកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនទទួលយកអាសនៈចំនួន១១ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ។
គ.ជ.ប បានបញ្ជាក់ថា ការបែងចែកអាសនៈនៅទំនេរនេះ ធ្វើឡើងស្របតាមមាត្រ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្រោយពីបានគណនា តាមរូបមន្តបែងចែកអាសនៈ ក្នុងមណ្ឌលបោះឆ្នោតរួចមក គ.ជ.ប បានសម្រេចដូចខាងក្រោម៖
- មណ្ឌលខេត្តបាត់ដំបង៖ មានអាសនៈដែលនៅទំនេរសរុបចំនួន១ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន១អាសនៈ។
- មណ្ឌលកំពង់ចាម៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។
- មណ្ឌលកណ្តាល៖ មានអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ។
- មណ្ឌលរាជធានីភ្នំពេញ៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។
- មណ្ឌលខេត្តព្រៃវែង៖ នអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ៕