(ភ្នំពេញ)៖ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងរបស់ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំក្រុមការងារ បើកកម្មវិធី ទស្សនាទានព្រះពុទ្ធសាសនា និងចូលរួមអប់រំ ពីតំណាងរដ្ឋមន្រ្តីក្រសួងធម្មការ ជុំវិញការរក្សាគុណតម្លៃ នៃសន្តិភាព និងការអភិវឌ្ឍក្នុងសង្គមជាតិ។
បន្ថែមពីលើនេះ លោក ប៉ែន វិបុល បានផ្តោតសំខាន់លើការសិក្សា របស់សិស្សានុសិស្ស ជាពិសេស គឺជាកំណត់គោលដៅ ជីវិតខ្លួនឯងថា តើនៅពេលណាគួរសិក្សា និងពេលណាមានគ្រួសារ និងកសាងអនាគតភ្លឺស្វាង និងធ្វើយ៉ាងណាឲ្យក្លាយជា ពលរដ្ឋល្អ សិស្សល្អ កូនល្អ និងចេះរក្សាឲ្យបាននូវគុណតម្លៃនៃសន្តិភាព និងការអភិវឌ្ឍក្នុងសង្គមជាតិ។
ការលើកឡើងរបស់លោក លោក ប៉ែន វិបុល បានធ្វើឡើងនៅក្នុង កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការ និង សាសនា បានប្រារព្ធនៅវិទ្យាល័យព្រះបាទសុរាម្រឹត ឃុំស្រែព្រីង ស្រុកកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមសរុប២៨៣៦នាក់ ក្នុងនោះ ស្រី១៤៨២នាក់ ព្រមទាំងព្រះសង្ឃតំណាងក្រសួង មន្ទីរធម្មការ និងសាសនា ព្រមទាំងនាយកនាយករង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យព្រះសុរាម្រឹត។
វាគ្មិនសំខាន់ៗនៅក្នុងកម្មវិធីខាងលើនេះ រួមមានព្រះសុធម្មចារី ទេព ឆឺន ព្រះបាឡាត់គណៈខេត្ត, ព្រះមហា យិន ឧត្តមសំអូនមន្ត្រីសង្ឃជំនួយការសាលាគណខេត្ត, លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា, លោក សៅ ស្ងួន អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត, លោក អឿ ម៉េងចុង នាយកវិទ្យាល័យព្រះសុរាម្រឹត, លោកម៊ី សុផល្លី នាយករងវិទ្យាល័យ, លោក មាស សំណាង ប្រធានការិយាល័យកិច្ចការព្រះពុទ្ឋសាសនាផ្សារភ្ជាប់សង្គម, លោក ជឹម តារា មន្ត្រីការិយាល័យកិច្ចការព្រះពុទ្ឋសាសនាផ្សារភ្ជាប់សង្គម។
លោក ប៉ែន វិបុល បានលើកឡើងបន្តថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយ អំពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នឹងបញ្រ្ជាបពុទ្ធឱវាទដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំផ្លូវកាយ វាចា ចិត្ត ពង្រឹង សីលធម៌ សុជីវធម៌ គុណធម៌ ចរិយាធម៌ និងប្រកាន់ភ្ជាប់នូវបញ្ចសីលឬសីលប្រាំ។
គួរបញ្ជាក់ថា កម្មវិធី ទស្សនាទានព្រះពុទ្ធសាសនា ដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ ពីនាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការ និងសាសនា។
ការបង្កើតកម្មវិធីនេះ ក៏បានធ្វើឡើងឆ្លើយតបទៅ នឹងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥៕