(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង៥៖0០នាទីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមតំណាងរាស្រ្តថ្មីទាំង៤៤រូប ដែលមកពីគណបក្សចំនួន៣បានបញ្ចប់ ការចូលស្បថ នៅព្រះបរមរាជវាំងហើយ។
ចាប់ពីពេលនេះតទៅ ក្រុមតំណាងរាស្រ្តថ្មីទាំង៤៤រូបនោះ រួមមាន៤១រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ២រូបមកពីគណបក្សសញ្ជាតិកម្ពុជា និង១រូបទៀតមកពី គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច នឹងបំពេញការងារដូចជាសមាជិកសភាធម្មតាផងដែរ។
សូមបញ្ជាក់ថា តំណាងរាស្រ្តថ្មីទាំង៤៤រូបនោះ ត្រូវបានរៀបចំដោយគ.ជ.ប តាមច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីទៅកាន់អាសនៈដែលនៅទំនេរ ក្រោយពីតុលាការកំពូលកម្ពុជា បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលទទួលបាន៥៥អាសនៈក្នុងរដ្ឋសភា។ គ.ជ.ប ក៏បានរៀបចំអាសនៈទំនេរចំនួន១១ផ្សេងទៀត ដែលសេសសល់ពីការបែងចែកជុំទី១ ដោយសារគណបក្សនយោបាយចំនួន២ មិនទទួលយកផងដែរ។
តាមការគណនា តាមរូបមន្តនៃច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្រ្ត និង សំឡេងឆ្នោតបានការណ៍ អាសនៈដែលនៅសេសសល់ ទាំង១១នេះ នឹងធ្លាក់លើគណបក្សប្រជាជនកម្ពុជា៕