(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយវិទ្យាស្ថាន ស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងក្រុមហ៊ុនផលិតស្រូវពូជ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ដល់សហគមន៍កសិកម្មសំខាន់ៗ ក្នុងខេត្តមួយចំនួន ដែលមានសក្តានុពលដាំដុះស្រូវសែនក្រអូប ដើម្បីផ្សព្វផ្សាយពីការពិសោធន៍បន្សាំបឋមស្រឡាយស្រូវសែនក្រអូប ស្របតាមបច្ចេកទេស និងបទដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការរៀបចំកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក្នុងគោលបំណងចំបង បង្ហាញបច្ចេកទេសក្នុងការធ្វើវិសោធន៍ ស្រូវពូជដល់សហគមន៍កសិកម្ម ដែលបានចូលរួមគម្រោងពិសោធន៍ ឲ្យអនុវត្តន៍តាមបច្ចេកទេសត្រឹមត្រូវ តាមបទដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏នឹងធ្វើការកំណត់ពេលវេលា និងឈ្មោះសហគមន៍ណាខ្លះ ដែលត្រូវធ្វើការពិសោធន៍នៅលើកទី១ និង២ ឲ្យបានច្បាស់លាស់។
នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ មន្ត្រីជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា នឹងធ្វើបទបង្ហាញ ពីបច្ចេកទេសនឹងលក្ខខណ្ឌនានា ដែលវិទ្យាស្ថានធ្លាប់បានពិសោធន៍ក្នុងពេលកន្លងមក ដល់តំណាងសហគមន៍កសិកម្ម ក្រុមហ៊ុនផលិតពូជស្រូវ និងដៃគូអភិវឌ្ឍន៍។
សហព័ន្ធស្រូវអង្ករកម្ពុជា តែងតែសហការយ៉ាងជិតស្និទ្ធជាមួយ វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និង កម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) សម្រាប់ការអភិវឌ្ឍន៍ស្រូវពូជសែនក្រអូប បន្ទាប់ពីមើលឃើញនូវនិន្នាការ កើនទាំងតម្រូវការទីផ្សារអង្ករក្រៅប្រទេស និងការពេញនិយមដាំដុះពីសំណាក់ប្រជាកសិករ។
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ លោក ស៊ី រ៉ានី អនុប្រធានក្រុមប្រឹក្សាភិបាល និង ជាប្រធានគណៈកម្មាធិការផលិតកម្មពូជនៃសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំក្រុមការងារចុះពិនិត្យ បច្ចេកទេសបន្សុទ្ធពូជស្រូវសែនក្រអូបលើកដំបូង នៅ វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្រោមការដឹកនាំពិសោធផ្ទាល់ពី លោក បណ្ឌិត អ៊ុក ម៉ាការ៉ា នាយក CARDI ។
កម្មវិធីបន្សុទ្ធពូជស្រូវសែនក្រអូបនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការ រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និង មានការចូលរួមឧបត្ថម្ភថវិកាមួយផ្នែកពី កម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)៕