(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ហ័ង សួនចៀន មេបញ្ជាការកងទ័ពការពារព្រំដែន ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ថ្លែងនៅចំពោះមុខសម្ដេចក្រឡាហោម ស ខេង, លោកឧត្តមសេនីយ៍ទោ ហ័ង សួនចៀន បានបញ្ជាក់ថា ភាគីវៀតណាមនៅតែបន្ដប្ដេជ្ញាចិត្ត នៅតែបន្ដកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ និងល្អប្រសើររវាងកងទ័ព និងនគរបាលការពារព្រំដែន ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្របសម្រូលដល់ការឆ្លងកាត់ធ្វើពាណិជ្ជកម្ម និងទេសចរណ៍ នៃប្រជាជនទាំង២។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការអបអរសាទរចំពោះការងារកន្លងមក ដែលអាជ្ញាធរវៀតណាមបានជួបពិភាក្សាការងារ ជាមួយភាគីកម្ពុជា ហើយសម្ដេចសង្ឃឹមថា ភាគីវៀតណាម នឹងបន្ដពិភាក្សាគ្នានៅលើបញ្ហាផ្សេងប្រកបដោយលទ្ធផល។
បន្ថែមពី សម្ដេច ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៅតែបន្ដកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាម យ៉ាងជិតស្និតនៅគ្រប់កម្រិត ដែលធ្វើឡើងនៅតាមឆន្ទះរបស់ថ្នាក់ដឹកនាំប្រទេសទាំង២៕