(តាកែវ)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៧ ក្រោមប្រធានបទ "អ្នកស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍ខ្លួនអ្នកនិងសង្គម" ដោយមានការអញ្ជើញចូលរួមពី លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ តំណាងសហព័ន្ធអន្ដរជាតិប្រចាំនៅកម្ពុជា តំណាងកាកបាទក្រហមស្វីស តំណាងកាកបាទក្រហមហ្វាំងឡង់ មន្ត្រីទីស្នាក់ការកណ្ដាល អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា មកពីក្រុង-ស្រុកទាំង ១០ នៃខេត្តតាកែវ សរុបប្រមាណ ៤០០នាក់។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។
លោកស្រីបានគូសបញ្ជាក់បន្ថែមថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានអាយុកាល ១៥៤ឆ្នាំមកហើយ។ ទិវានេះ បានផ្តោតលើគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។
ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំង ៣៥០នាក់ ដែលចូលរួមក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា បានផ្ដល់ជូននូវប័ណ្ណសរសើរ និងថវិកាម្នាក់ៗចំនួន ៤០,០០០រៀល។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ធ្លាប់បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ ក្នុងនោះ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ធ្វើនៅខេត្តកំពង់ធំ ឆ្នាំ ២០១៤ នៅខេត្តព្រះវិហារ ឆ្នាំ២០១៥ នៅខេត្តព្រៃវែង និងឆ្នាំ២០១៦ នៅខេត្តស្វាយរៀង។ សម្រាប់ឆ្នាំ២០១៧ នេះ ទីស្នាក់ការកណ្តាល ចូលរួមរៀបចំការប្រារព្ធទិវា នៅខេត្តតាកែវ និងខេត្តបាត់ដំបង ដោយឡែក សាខានីមួយៗផ្សេងទៀត នឹងប្រារព្ធទៅតាមលទ្ធភាពជាក់ស្តែងរបស់ខ្លួន៕