(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានសាកល្បងនាំចេញស្បែកជ្រូកកែច្នៃជាលើកដំបូង ចំនួន៤០តោនទៅកាន់ទីផ្សារអន្ដរជាតិ ជាមួយនឹងទិសដៅ ក្នុងការនាំចេញជាច្រើនតោនទៀតនាពេលខាងមុខ។
រោងចក្រកែច្នៃស្បែកជ្រូករបស់កម្ពុជានេះ បានសហការជាមួយដៃគូវិនិយោគិនរបស់ចិន ដោយវិនិយោគអស់ទឹកប្រាក់ប្រមាណ៣០លានដុល្លារ។ រោងចក្រនេះ ក៏នឹងយកស្បែកគោ ក្របី និងស្បែកជ្រូក ទៅកែច្នៃជាទំនិញសម្រាប់ប្រើប្រាស់ ហើយនេះជាការនាំចេញលើកដំបូង បន្ទាប់ពីរោងចក្របានបើកដំណើរការ អស់រយៈពេល៣ខែកន្លងមក។
ថ្លែងប្រាប់សារព័ត៌មាន Fresh News នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ទ្ធី គ្រុប បានឲ្យដឹងថា «ការនាំចេញស្បែកជ្រូកសាកល្បងនេះ មានចំនួន៤០តោន ទៅកាន់សហគមន៍អឺរ៉ុប ខណៈមានប្រទេសជាច្រើនទៀត បានកុម្ម៉ងស្បែកជ្រូកនេះ ជាពិសេសប្រទេសដែលផលិតរថយន្ត ដើម្បីយកទៅកែច្នៃធ្វើជាស្បែកពូករថយន្តជាដើម។ ប្រទេសទាំងនោះរួមមាន ប្រទេសជប៉ុន, សហរដ្ឋអាមេរិក និងសហគមអឺរ៉ុប»។
លោកបញ្ជាក់ទៀតថា ស្បែកជ្រូកនេះ គេនឹងយកទៅកែច្នៃជាស្បែកពូករថយន្ត, ស្បែកជើង, កាបូប និងខ្សែក្រវ៉ាត់។ ជ្រូកដែលកែច្នៃយកស្បែកនេះ គឺនាំចូលពីប្រទេសដែលធ្វើជ្រូកប្រលាត់ស្បែក មិនមែនជ្រូកក្នុងស្រុកនោះឡើយ ព្រោះនៅកម្ពុជា និងប្រទេសមួយចំនួនទៀត ដែលបរិភោគស្បែកជ្រូកជាអាហារ គេមិនធ្វើជ្រូកប្រលាត់ស្បែកនោះទេ។
លោកបន្ថែមទៀតថា រោងចក្រដែលទើបបង្កើតឡើងនៅខេត្តព្រះសីហនុនេះ មិនត្រឹមតែកែច្នៃស្បែកជ្រូកប៉ុណ្ណោះទេ តែគ្រោងនឹងកែច្នៃស្បែកគោ និងស្បែកក្របីផងដែរនាពេលខាងមុខ ប៉ុន្ដែបច្ចុប្បន្ននេះមានតែស្បែកជ្រូកមួយមុខ តែប៉ុណ្ណោះដែលត្រូវបានកែច្នៃ នាំចេញទៅលើទីផ្សារអន្ដរជាតិ។
សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅរោងចក្រកែច្នៃស្បែកសត្វ របស់ក្រុមហ៊ុន ម៉ុង រិទ្ធី បានដាក់ឲ្យដំណើរការសាកល្បង រហូតមកដល់ពេលនេះមានរយៈពេល៣ខែមកហើយ។ ក្រុមហ៊ុនកែច្នៃស្បែកនេះ ជាក្រុមហ៊ុនដំបូងបំផុតរបស់កម្ពុជា និងបានសហការវិនិយោគអស់ទឹកប្រាក់ប្រមាណ៣០លានដុល្លារ៕