(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានប្រកាសទទួលស្គាល់ សមាជិកសមាជិកា នៃអតីតបក្សសង្គ្រោះជាតិ ដែលបានយល់ព្រមដោយស្ម័គ្រចិត្ត មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក វ៉ី សំណាង បានថ្លែងថា «សមាជិកគណបក្សប្រជាជនថ្មី អាចបក្សនយោបាយមួយចំនួនហៅជា អាយ៉ង ឬយួន ដោយសារតែកាលពីបងប្អូនរស់ជា មួយបក្សនយោបាយរបស់ CNRP តែងតែបានហៅមនុស្សគណបក្សប្រជាជនថាជាយួន ចឹងទេ ការលាបពណ៌បែបនេះ គេនៅតែធ្វើមកលើបងប្អូន ដែលជាសមាជិកថ្មីដូចកាលបងប្អូន នៅមានជំនឿលើ CNRP ចឹង ប៉ុន្តែសម្រាប់ការដឹកនាំរបស់គណបក្សប្រជាជន មិនបានលាបពណ៌បងប្អូនតាំងពីដើមរហូត ដល់ពេលមករួមរស់ជាមួយគ្នាវិញ»។
លោកអភិបាលខេត្ត បានបន្តថា សមាជិកដែលបានមករួមរស់មានចំនួន១៣៦នាក់ ក្នុងនោះ សមាជិកប្រតិបត្តិខេត្តចំនួន១នាក់ ក្រុមប្រឹក្សាស្រុកចំនួន៣នាក់ មេឃុំចំនួន២នាក់ ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន១០នាក់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន២៤នាក់ បេក្ខជនពេញសិទ្ធិចំនួន ៣៥នាក់ បេក្ខជនបម្រុងចំនួន៥៩នាក់។
លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនជាសមាជិកថ្មីថា «គណបក្សប្រជាជនទទួលដោយញញឹម និងសប្បាយនៅសមាជិកថ្មី ហើយសូមកោតសសើរនៅភាពក្លាហាន ហ៊ានយកការពិត មករួមរស់ជាមួយគ្នា ប្រកបដោយសុខសន្តិភាព និងសូមឲ្យចេះស្រឡាញ់គ្នា ចេះយោគយល់គ្នា ហ៊ាននិយាយគ្នា ត្រង់ទៅត្រង់មក ដើម្បីកែប្រែប្រទេសឲ្យបានការអភិវឌ្ឍន៍សម្បូរ សប្បាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយយើងបានប្រកាន់ជំហរមិនដោះដូរ ដោយបដិវត្តពណ៌នោះឡើយ»៕