(ពោធិ៍សាត់)៖ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការទូទាំងខេត្ត ចូលរួមគាំទ្រ បន្លែ សុវត្ថិភាព ដើម្បីលើកស្ទួយកម្រិតជីវភាព របស់ប្រជាកសិករ ឲ្យកាន់តែល្អប្រសើរឡើង និងធានាសុវត្ថិភាព ក្នុងការបរិភោគបន្លែប្រចាំថ្ងៃ ព្រមទាំងទទួលបានសុខភាពល្អដោយគ្មាន ជាតិគីមី។
លោក ឡាយ វិសិដ្ឋ បានអំពាវនាវបែបនេះ ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ជាមួយ Fresh News នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នៅក្នុងកិច្ចសម្ភាសន៍នោះលោក ឡាយ វិសិដ្ឋ បានឲ្យដឹងថា ការរៀបចំឲ្យមានលក់បន្លែសុវត្ថិភាព គឺមន្ទីរកសិកម្មបានរៀបចំជាការសាកល្បងទេ តែបើជាតម្រូវការទីផ្សារហើយនោះ មន្ទីរនឹងរៀបចំឲ្យមានជាលក្ខណៈទ្រង់ទ្រាយធំ។
លោកប្រធានមន្ទីរបានបន្តថា តំបន់គោលដៅដែលក្រុមការងារជ្រើសរើសជាភូមិគម្រូងនោះ មាន៤ភូមិ គឺស្រុកកណ្តៀង២ភូមិ និងស្រុកបាកាន២ភូមិ ទាំង៤ភូមិនោះ មានកសិករ សាកល្បង សរុបប្រមាណ ៦០នាក់ និងផ្ទៃដីចំការ២ហិកតាទៀត ដើម្បីធ្វើការដាំដុះ។
ពីដើមឡើយ មន្ទីរបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ជុំវិញការបង្រៀនពីវិធីដាំដុះស្រូវ បន្លែ និងចញ្ចឹមសត្វ... តែក្នុងនោះការដាំដុះបន្លែ គឺមានទ្រង់ទ្រាយត្រឹមតែជាសួនបន្លែប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចុប្បន្ននេះ យើងរៀបចំរហូតទៅដល់ចំការបន្លែ សម្រាប់ធ្វើជាអាជីវកម្មលក់ដូរតែម្តង។
លោកប្រធានមន្ទីរ បានបន្តទៀតថា ការសាកល្បងនេះ មន្ទីរកសិកម្មបានធ្វើឡើងស្របតាមគោលការណ៍ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការទិញបន្លែ ដែលមានជាតិគីមី បែរមកទិញបន្លែក្នុងស្រុកដែលមានសុវត្ថិភាព គ្មានជាតិគីមីវិញ។
គួរបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចាប់ផ្តើមដាក់តាំងលក់បន្លែសុវត្ថិភាព រៀងរាល់ថ្ងៃសុក្រ នៅបរិវេណមន្ទីរកសិកម្មខេត្ត ដោយគិតពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះមានរយៈពេល ១៦សប្តាហ៍ហើយ។
សូមស្តាប់ការការលើកឡើង របស់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលក្រុមការងារ Fresh News បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់៖