(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៣៖៣០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមតំណាងរាស្រ្តថ្មីទាំង៤៤រូប ដែលមកពីគណបក្សនយោបាយ ចំនួន៣ បាននិងកំពុងចូលស្បថ នៅព្រះបរមរាជវាំង ក្រោយពេលដែលពួកគាត់ ត្រូវបានប្រកាសសុពលភាពនៅរដ្ឋសភា។ តំណាងរាស្រ្តថ្មីទាំង៤៤រូបនោះ រួមមាន៤១រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ២រូប មកពីគណបក្សសញ្ជាតិកម្ពុជា និង១រូបទៀតមកពីគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។
Fresh News TV កំពុងធ្វើការផ្សាយផ្ទាល់ ជុំវិញព័ត៌មាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកតំណាងរាស្ត្រថ្មី ៤៣រូបផ្សេងទៀត យាង និងអញ្ជើញសច្ចាប្រណិធាននៅព្រះបរមរាជវាំង មុនចូលបម្រើរងារជូនជាតិ និងប្រជាពលរដ្ឋ។
ខាងក្រោមនេះ ជាខ្លឹមសារ នៃការធ្វើសច្ចាប្រណិធានរបស់ ក្រុមតំណាងរាស្រ្តថ្មីទាំង៤៤រូប៖
ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សូមធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ
ដូចតទៅ៖
ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទូលព្រះបង្គមយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវៈ៖
• ឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជា
• អធិបតេយ្យភាពជាតិពេញបរិបូរណ៍
• បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជា ធ្លាប់មានក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ឆ្នាំ១៩៦៩
• ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាត ឲ្យជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។ ទូលបង្គំយើងខ្ញុំ មិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។
ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុងនូវអំពើហឹង្សាគ្រប់បែបយ៉ាង។
ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូ ប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូ ដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីរក្សាភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលបង្គំយើងខ្ញុំគ្រប់រូប៕