(ភ្នំពេញ)៖ ម្ចាស់ខុនដូមួយកន្លែងមានយីហោឈ្មោះ «ចេតនា» មានទីតាំងស្ថិតនៅក្រុមទី៩ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដែលរងការចោទប្រកាន់ថា បានបិទផ្លូវសាធារណៈ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដើម្បីប្រកបអាជីវកម្មផ្ទាល់ខ្លួននោះ លុះនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ជួប សុកុម្ភះ អាយុ៣២ឆ្នាំ ជាម្ចាស់ខុនដូ បានចេញមកច្រានចោលទាំងស្រុង និងបកស្រាយថា មិនមែនជាការពិត ដូចអ្វីដែលប្រជាពលរដ្ឋបានចោទប្រកាន់នោះទេ។
ម្ចាស់ខុនដូយីហោ «ចេតនា» លោក ជួប សុកុម្ភះ បានបកស្រាយថា ចំពោះដីផ្លូវដែលប្រជាពលរដ្ឋប្តឹងចោទប្រកាន់ថាជាផ្លូវសាធារណៈ ហើយថា គាត់រំលោភយកនោះ គឺមិនមែនជាការពិតឡើយ ពីព្រោះដីនេះឪពុករបស់លោកបានទិញបន្ត មានប្លង់កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវ និងមានការទទួលស្គាល់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ តាំងពីឆ្នាំ១៩៨៦រហូតមក ប៉ុន្តែដោយសារគាត់បានធ្វើជាខុនដូជួល ទើបក្រោយមកបានបើកផ្លូវមួយខ្សែនេះ មានទំហំដល់ទៅ៨ម៉ែត្រ ដែលបម្រើជាប្រយោជន៍ងាយស្រួលដល់ការធ្វើដំណើរចេញចូល សម្រាប់អាជីវកម្មរបស់គាត់ផង ហើយប្រជាពលរដ្ឋដែលរស់នៅ ខាងក្រោយ ក៏អាចចេញចូលតាមផ្លូវនេះបានផងដែរ។
ការចេញមុខមកបកស្រាយ ព្រមទាំងបង្ហាញឯកសារនៃការកាន់កាប់តាមច្បាប់ខាងលើនេះ បានកើតមានឡើង បន្ទាប់ពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរនោះ បានទទូចឲ្យអាជ្ញាធរខណ្ឌឬស្សីកែវ មេតា្ដជួយអន្ដរាគមន៍លើបញ្ហានេះផង ព្រោះថា ពួកគាត់ពិតជាពិបាកក្នុងការធ្វើដំណើរចេញ ចូល លំនៅដ្ឋានខ្លាំងណាស់ រៀងរាល់ថ្ងៃនេះ ខណៈដែលពាក្យបណ្ដឹងបានដាក់ជូនអាជ្ញាធរ ក្នុងសង្កាត់ទួលសង្កែរួចរាល់ហើយ។
ពលរដ្ឋដែលបាន និងកំពុងទទួលរងការបំពាននោះ បានទូរស័ព្ទមកការិយាល័យនិពន្ធ អង្គភាព Fresh News នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបានរៀបរាប់ថា ម្ចាស់ខុនដូរឈ្មោះ ចេតនា បានយកផ្លូវមកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយលើកមូលហេតុថា ជាដីឡូតរបស់ខ្លួន ប៉ុន្តែនៅពីមុខ និងក្រោយផ្លូវ គឺសុទ្ធតែមានផ្ទះប្រជាជនរស់នៅឆ្លងកាត់។
ប្រភពដដែលបានបញ្ជាក់ទៀតថា «ពេលដែលទៅសាកសួរ និងប្តឹងទៅអជ្ញារធរទួលសង្កែ គឺមិនមានលទ្ធផលអ្វីទេ គឺមានតែចំលើយថាជាដីឡូតរបស់ខ្លួនប៉ុណ្ណោះ ហើយម្ចាស់ដីឡូតក៏បាននិយាយដែរ ថាដីឡូតនេះជាដីរបស់ខ្លួន ដែលខ្លួនបានឲ្យខ្ចីប្រើ»។
បន្ថែមលើនេះ ម្ចាស់ខុនដូ បានបន្តទៀតថា ការបើកផ្លូវមួយនេះក៏មានផ្លូវក្បែរផ្សារទំនប់មួយខ្សែទៀត មានទទឹង៦ម៉ែត្របុកមកផ្ទះប្រជាពលរដ្ឋដែលកំពុងប្តឹងនោះផងដែរ តែត្រូវពួកគាត់រំលោភយករៀងៗ ខ្លួនអស់ទៅហើយ បច្ចុប្បន្ននៅសល់តែប្រហែល៣ម៉ែត្រប៉ុណ្ណោះ បណ្តាលឱ្យផ្លូវធ្លាប់ធំទូលាយប្រែទៅជាតូចចង្អៀតពិបាកក្នុងការធ្វើដំណើរចេញចូលបែរជាមករករឿងផ្លូវកម្មសិទ្ធិរបស់គាត់ទៅវិញ។
លោក ជួប សុកុម្ភះ បានបញ្ជាក់ថា តាមពិតផ្លូវខ្សែខាងលើនោះលោកមិនបិទរហូតនោះទេ បើទោះបីជាកម្មសិទ្ធរបស់លោកក៍ពិតមែន ប៉ុន្តែលោកបិទត្រឹមម៉ោង១០យប់ដល់ព្រឹកតែប៉ុណ្ណោះ ចំណែកថ្ងៃគឺលោកបើកចរាចរជាធម្មតា ហើយការបិទពេលយប់នេះគឺដើម្បីការពារសន្តិសុខសុវត្ថិភាពសម្រាប់ភ្ញៀវដែលស្នាក់នៅខុនដូរបស់គាត់ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។
លើសពីនេះ លោក ជួប សុកុម្ភះ បានបញ្ជាក់ទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខាងក្រោយព្រមឯកភាពបើកផ្លូវដែលពួកគាត់រំលោភយកនោះ៦ម៉ែត្រ ឲ្យទៅជា៨ម៉ែត្រវិញគាត់ក៏ព្រមបើកផ្លូវនេះឱ្យចរាចរ២៤ម៉ោង លើ២៤ម៉ោងដូចគ្នាផងដែរ។
ជាមួយគ្នានោះ មេភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ លោក ប៉ុល ឌីម បានបញ្ជាក់ថា ទីតាំងដីផ្លូវ ដែលប្រជាពលរដ្ឋប្ដឹងចោទប្រកាន់ម្ចាស់ខុន យីហោ «ចេតនា» ថាបានរំលោភយកនោះ គឺមិនមែនជាការពិតទេ ដោយសារដីផ្លូវនេះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ម្ចាស់ខុនដូពិតប្រាកដមែន៕