(ភ្នំពេញ)៖ តំណាងប្រទេសកម្ពុជា និងសហគមន៍ខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅកូរ៉េខាងត្បូង ដែលមានប្រមាណ៦ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានទទួលពានរង្វាន់ «ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០១៧» នៅរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ ពីសមាគមមិត្តភាពវប្បធម៌កូរ៉េ។
នេះគឺជាមោទនភាពជាតិ កិត្យានុភាពជាតិខ្មែរថ្មីបន្ថែមទៀត របស់សហគមន៍ខ្មែរនៅកូរ៉េ ដែលកន្លងមកបានរួមរួបសាមគ្គី ថែរក្សាអភិវឌ្ឍ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយពានរង្វាន់ និងកេរិ៍តឈ្មោះនេះទៀតសោត គឺមិនមែនជារបស់ឯកអគ្គរាជទូត តែម្នាក់ឯងនោះទេ តែជារបស់នៃបណ្ដាសហគមន៍ សមាគម មូលនិធិខ្មែរ បណ្ដាញស្រ្តីខ្មែរមានស្វាមីកូរ៉េ ក្រុមការងារស្ថានទូត និងសហគមន៍ខ្មែរទាំងអស់នៅកូរ៉េខាងត្បូង។
ពានរង្វាន់ «ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០១៧» បានផ្ដល់ជូនកម្ពុជាដោយបានវាយតម្លៃ ទៅលើកិច្ចខិតខំប្រឹងប្រែង នូវការបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ គ្រប់វិស័យរវាងកម្ពុជា-កូរ៉េ និងការរៀបចំខួបលើកទី២០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ, ការដឹកនាំសម្របសម្រួល កិច្ចការងារសមាគមទូតអាស៊ាន នៅកូរ៉េដែលកម្ពុជាជាប្រធាន, ការដឹកនាំសម្របសម្រួលរៀបចំកម្មវិធី អបអរសាទរខួបគម្រប់៥០ឆ្នាំ នៃការបង្កើតសហគមន៍អាស៊ាន និងជាពិសេសការងារដឹកនាំ ដោះស្រាយគាំពារ បម្រើប្រយោជន៍ជាតិ-ប្រជាជន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
បន្ថែមពីលើមោទនភាព កិត្យានុភាពជាតិ ពានរង្វាន់នេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលបានដើរតួរយ៉ាងសំខាន់ ជាកម្លាំងចលករក្នុងការជម្រុញ និងលើកទឹកចិត្តបន្ថែម ដល់បណ្ដាសហគមន៍ សមាគម មូលនិធិខ្មែរ បណ្ដាញស្រ្តីខ្មែរមានស្វាមីកូរ៉េ ក្រុមការងារស្ថានទូត និងសហគមន៍ខ្មែរទាំងអស់នៅកូរ៉េ ជាពិសេសក្រុមការងារស្ថានទូត ឲ្យបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបម្រើ ការពារផលប្រយោជន៍ជាតិ និងប្រជាជន៕