(ភ្នំពេញ)៖ ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសបើកឲ្យអង្គការក្រៅរដ្ឋាភិបាល ដាក់ពាក្យស្នើសុំថវិកា ពីកម្មវិធីជំនួយថវិកាខ្នាតធំ និងខ្នាតតូច របស់មូលនិធិឯកអគ្គរដ្ឋទូតអាមេរិក សំរាប់ការអភិរក្សវប្បធម៌ (AFCP) នៅកម្ពុជា ឆ្នាំ២០១៨។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «អង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចដាក់ពាក្យសុំបាន។ កាល បរិច្ឆេទចុងក្រោយ ដែលស្ថានទទួលពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧»។
សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា មូលនិធិ AFCP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០០ ដោយសភាសហរដ្ឋអាមេរិក ដើម្បីជួយអភិរក្ស បេតិកភណ្ឌវប្បធម៌រូបី និងបេតិកភណ្ឌ វប្បធម៌ អរូបី ដែលប្រឈមនឹងការបាត់បង់ នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិច រួមទាំងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះ ត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌល បេតិកភណ្ឌវប្បធម៌ ក្រោមការិយាល័យកិច្ចការអប់រំ និងវប្បធម៌ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា នៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចំណាយថវិកាអស់ចំនួនជាង៤លានដុល្លារអាមេរិក លើកម្មវិធីបេតិកភណ្ឌវប្បធម៌នានា រាប់ពីការចងក្រងឯកសារ ស្តីពីការរាំ របាំបូរាណ ដល់ការប្រយុទ្ធប្រឆាំង នឹងការលួចប្លន់ និងដល់ការងារអភិរក្សទីតាំងប្រវត្តិសាស្រ្ត ដូចជានៅប្រាសាទភ្នំបាក់ខែងនៅអង្គរវត្តជាដើម៕