(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរការ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា គ.ស. ២០១៧នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធាន និងនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធីបតីភាពលោកបណ្ឌិត កែន សម្បត្តិ និងលោក ហេង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ជាមួយនឹងវត្តមានចូលរួមរបស់ ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធាននាយកដ្ឋាន ថ្នាក់កណ្តាល លោកប្រធាន-អនុប្រធានសាខាពន្ធដារខណ្ឌទាំងប្រាំ គឺសាខាពន្ធដារខណ្ឌចំការមន សាខាពន្ធដារខណ្ឌដូនពេញ សាខាពន្ធដារខណ្ឌមានជ័យ សាខាពន្ធដារខណ្ឌដង្កោ សាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងវត្តមានរបស់ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាអ្នកជាប់ពន្ធ នៃសាខាពន្ធដារខណ្ឌទាំងប្រាំ សរុបប្រមាណជិត៥០០នាក់ ។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា លោកបណ្ឌិត កែន សម្បត្តិ បានសម្តែងនូវអំណរគុណ ចំពោះលោក-លោកស្រី អ្នកនាង កញ្ញា ដែលជាអ្នកជាប់ពន្ធ និងតំណាងអ្នកជាប់ពន្ធទាំងអស់ ដែលមានវត្តមានចូលរួមក្នុងអង្គសិក្ខាសាលា ដ៏មានសារៈសំខាន់នេះ ដែលសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្ត និងការស្វែងយល់អំពីវិស័យពន្ធដារ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងលើកទីមួយ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ជាពិសេសពាក់ព័ន្ធ នឹងការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ ដែលកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញនូវប្រកាស លេខ១៤៧០ សហវ.ប្រក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីវិធាននិងនីតិវិធី នៃការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ។
ជាមួយគ្នានេះផងដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បានចេញនូវសេចក្តីណែនាំលេខ ៧៣៧៤ អពដ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ស្តីពី «សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក នៅក្នុងការដោះស្រាយពាក្យបណ្តឹងតវ៉ាពន្ធដារ» នៅអគ្គនាយកដ្ឋានពន្ធដារ។
ទន្ទឹមនឹងការលុបចោល នូវរបបម៉ៅការ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិស្តីពីពន្ធដារ។ ស្របតាមកម្មវិធីកំណែទម្រង់ របស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ បានខិតខំធ្វើការផ្សព្វផ្សាយ អំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ក្នុងរបបស្វ័យប្រកាសឱ្យបានទូលំទូលាយ ដល់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីជ្រួតជ្រាបអំពីបញ្ហាពន្ធដារ។
ជាមួយនឹងការរឹតបន្តឹងនេះ អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលបំណងរក្សាឱ្យបាននូវ តម្លាភាព និងសុក្រឹត្យភាព នៃការប្រមូលចំណូលពន្ធ ក៏បានធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយដូចគ្នា នូវសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធក្នុងបណ្តឹងតវ៉ា នៅអគ្គនាយកដ្ឋានពន្ធដារ ពាក់ព័ន្ធនឹងសេចក្តីសម្រេចនានា របស់អគ្គនាយកដ្ឋានពន្ធដារ និងអង្គភាពក្រោមឱវាទ។
លោក ហេង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍អំពីការយកចិត្តដាក់របស់ អគ្គនាយកដ្ឋានពន្ធដារក្នុងការបង្កើន នូវប្រសិទ្ធភាពក្នុងការបង្ខិតសេវាឱ្យគៀកអ្នកជាប់ពន្ធ ដែលជាកត្តាយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីវិស័យពន្ធដារ ក៏ដូចជាកាតព្វកិច្ច ដើម្បីជម្រុញអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលពន្ធ។
លោកក៏បានបន្ថែមអំពីក្តីសង្ឃឹម និងភាពជឿជាក់យ៉ាងមុតមាំថា អ្នកជាប់ពន្ធគ្រប់រូបនឹងបានយល់ដឹងបន្ថែមអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្នុងដំណើរតវ៉ា នៅអគ្គនាយកដ្ឋានពន្ធដារ៕