(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៥គ្រួសារ ក្នុងមូលដ្ឋានឃុំល្វា ស្រុកពួក។
លោកស្រី គួយ ណាលីន ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ នៅកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះមានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកស្រី ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនទាំងអស់កុំឲ្យអស់ក្តីសង្ឃឹម ព្រោះជំងឺអេដស៍នាពេលបច្ចុប្បន្ន យើងមានថ្នាំប្រឆាំង ហើយតែបងប្អូនគោរពឲ្យបានទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងថែរក្សាសុខភាពខ្លួនឲ្យបានល្អ នោះយើងនឹងអាចរស់រានដូចពលរដ្ឋទូទៅដែរ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ១គ្រួសារទទួលបាន៖ មុង១, ភួយ១, សារុង១, ក្រមា១, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកដោះគោខាប់២កំប៉ុង, ស្ករស១គីឡូក្រាម, អង្ករ៥០គីឡូក្រាម និងថវិកា៤ម៉ឺនរៀល។
ជាមួយគ្នានេះ លោកស្រី អាណា សៀក សមាជិកកិត្តិយសសាខាបានសម្រេចផ្ដល់ផ្ទះ១ខ្នង និងកង់១គ្រឿង ជូនគ្រួសារបងស្រី មិន ពៅ ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រខ្លះជំរកផង។
បន្ទាប់ពីសួរសុខទុក្ខអ្នករស់នៅជាមេរោគអេដស៍រួច លោកស្រីអនុប្រធានគណៈកម្មាធិការសាខា និងប្រតិភូបានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ដែលបានសាសង់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ហើយសម្រេចលទ្ធផលបានប្រហែល ៦៥ភាគរយហើយ៕