(ម៉ានីឡា, ហ្វីលីពីន)៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS រួមនិងសាកលល្បីៗលើពិភពលោកចំនួន ៦៧ផ្សេងទៀត បានជួបជជែកគ្នានៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដើម្បីជជែកគ្នាពីការអភិវឌ្ឍវិស័យអប់រំឲ្យកាន់តែល្អប្រសើរ។
កិច្ចពិភាក្សានេះបានធ្វើឡើងតាមរយៈវេទិកាថ្នាក់ដឹកនាំសាកលវិទ្យាល័យតំបន់អាស៊ី (Asian University Presidents Forum, AUPF) ប្រចាំឆ្នាំលើកទី១៦ ដោយបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសាកលវិទ្យាល័យធំៗចំនួន៦៨ មកពីប្រទេសកម្ពុជា ហ្វីលីពីន ជប៉ុន អង់គ្លេស ថៃ បង់ក្លាដែស ចិន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ូឡូញ តៃវ៉ាន់ និងឥណ្ឌាជាដើម ដែលសាកលវិទ្យាល័យ Philippines Normal University (PNU) ប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ។
ប្រតិភូ និងវាគ្មិននានា បានធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាលើប្រធានបទរណបសំខាន់ៗមួយចំនួនរួមមានដូចជា៖ ដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យា ដំណោះស្រាយទៅលើការបង្រៀន និងការរៀន ព្រមទាំងប្រធានបទរណបចុងក្រោយគឺ ដំណោះស្រាយស្តីពីគោលការណ៍អភិបាលកិច្ចនៃការអប់រំ (Technology Solutions, Teaching and Learning Solutions, Governance and Policy Solutions)។
ជាលទ្ធផលប្រតិភូទទួលបានផ្លែផ្កាធំធេងពីអង្គវេទិកាតាមរយៈការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ជារួម និងដោយឡែកជាមួយប្រតិភូ បណ្តាសាកលវិទ្យាល័យដៃគូទាំងនោះ និងបានចុះអនុស្សរណៈយោគយល់សហប្រតិបត្តិការជាមួយដៃគូថ្មីៗមួយចំនួនបន្ថែមទៀត។
បច្ចុប្បន្នសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មាន៨ទីតាំងគឺ២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅតាមបណ្តាខេត្តរួមមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សាចំនួន ៣១,៨២៦នាក់ និងនិស្សិតកំពុងសិក្សាកើនឡើងដល់ប្រមាណ ១៦,០០០នាក់ នាបវេសនកាលថ្មីខាងមុខនេះ។
ដោយទទួលបានការគាំទ្រពីសំណាក់អ្នកសិក្សា ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹងគុណភាពពីមួយថ្ងៃទៅមួយថ្ងៃ និងអនុវត្តដោយច្បាស់លាស់នូវប្រព័ន្ធគ្រប់គ្រងគុណភាពអប់រំសំដៅធ្វើឲ្យសម្រេចនូវ បេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណៈល្អប្រពៃ ដោយឈរលើមូលដ្ឋានដ៏រឹងមាំទាំងនេះ ទើបសាកលវិទ្យាល័យបន្តទទួលបានកំណើនអត្រាចុះឈ្មោះចូលរៀននិស្សិតថ្មីជាង៤១% ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ។
ជាពិសេសព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាពេលថ្មីៗកន្លងទៅនេះក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ៥៨០៨ នាក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕