(បាត់ដំបង)៖ ត្រាក់ទ័រ១គ្រឿងដឹកពោតសំពីងសំពោងមើលផ្លូវមិនឃើញ បើកលឿនទៅបុកសិស្សសាលាអាយុ១២ឆ្នាំម្នាក់ កំពុងជិះកង់តាមផ្លូវ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅវេលាម៉ោង០៨៖០០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅលើផ្លូវជាតិលេខ៥៧បេត្រង់ ចំនុចភូមិអូរកណ្តោល ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោង០៨៖០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៧បេត្រង់ ចំនុចភូមិអូរកណ្តោល ឃុំតាស្តា ស្រុកសំពៅ លូន ខេត្តបាត់ដំបង មានត្រាក់ទ័រ១គ្រឿងដឹកពោតសំពីងសំពោងមើលផ្លូវមិនឃើញ បើកលឿនទៅបុកសិស្សសាលាអាយុ១២ឆ្នាំ កំពុងជិះកង់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

សមត្ថកិច្ចបានបញ្ជាក់ថា សិស្សសាលាជាក្មេងស្រី ឈ្មោះ ស៊ុន មករា អាយុ១២ឆ្នាំ រស់នៅកន្លែងកើតហេតុ។ រីឯម្ចាស់ត្រាក់ទ័ររត់គេចខ្លួនបាត់ បន្ទាប់ពីបានឃើញជនរងគ្រោះស្លាប់ ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនបង្ក។

បច្ចុប្បន្នសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យបង-ប្អូន ម្តាយ យកមកធ្វើបុណ្យតាមប្រពៃណី រីឯ កង់និងត្រាក់ទ័រ សមត្ថកិច្ចអូសយករក្សាទុក នៅអធិការស្រុករងចាំ ធ្វើការដោះស្រាយ តាមច្បាប់៕