(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្ដបន្ទាប់ ដោយដកហូតបានថ្នាំញៀនជិត៥០កញ្ចប់ ពេលចុះត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យ Fresh News ដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ពេលកំពុងបំពេញប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃាង ឡៃ ហៅស្មី អាយុ២០ឆ្នាំ និងឈ្មោះ ស៊ាង រ៉ាវិន អាយុ១៩ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិអូរកន្តោល ឃុំព្រែកក្របៅ ស្រុកកងមាស។
បើតាមលោកឧត្តមសេនីយ៍ស្នងការ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ លុះមកដល់វេលាម៉ោង០៩៖៥០នាទី កម្លាំជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស និងកំពង់សៀម បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឆន សុជាតិ ភេទស្រី អាយុ២១ឆ្នាំ ដោយដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន៤៧កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅការិយាលជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ តាមនីតិវិធី៕