(ភ្នំពេញ)៖ បន្ទាប់ពីសន្និសីទព័ត៌មាន កាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងទៅនេះ នាយកដ្ឋានផ្សព្វផ្សាយសិល្បភាពយន្ត និងវប្បធម៌ បានប្រកាសពីភាពយន្តខ្មែរ១៤រឿង ដែលបានដាក់ប្រកួតក្នុង មហោស្រពភាពយន្តជាតិ លើកទី៥។ ក្នុងនោះ គឺមានរឿង៤ដែល ក្រុមហ៊ុន «ពូព្រហ្ម» បានចែកចាយ មានចំណងជើងរឿង ដូចខាងក្រោម៖
- ប៉ុបពីទៅហូលីវូឌ (ដឹកនាំដោយលោក សុខ វិសាល)
- វិកលចរិត (ដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង)
- Jailbreak: ការពារឧក្រិដ្ឋជន (ដឹកនាំដោយលោក ជីមី ហែនឌ័រសុន)
- មន្តស្នេហ៍លេខា (ដឹកនាំដោយ សាស្រ្តាចារ្យ អ៊ុ វុឌ្ឍី)
លោក ប៉ុក បូរក្ស ប្រធានស្តីទី នៃនាយកដ្ឋានផ្សព្វផ្សាយសិល្បៈភាពយន្ត និងវប្បធម៌ បានលើកឡើងថា «មហោស្រពភាពយន្តជាតិ លើកទី៥ ឆ្នាំ២០១៧ មិនគ្រាន់តែជាព្រឹត្តិការណ៍ ប្រកួតប្រជែង ស្នាដៃភាពយន្ត ដើម្បីយកពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាជួបជុំ សិក្សាស្វែងយល់ វាស់ស្ទង់ សមត្ថភាព និងការរំលែកបទពិសោធន៍ លើវិស័យភាពយន្ត ដើម្បីបង្កើនសមត្ថភាព និងលើកកម្ពស់ គុណភាពស្នាដៃភាពយន្ត ដើម្បីប្រកួតប្រជែងទាំងក្នុងស្រុក និងបរទេស ក្នុងបរិបទសកលភាវូបនីយកម្ម!»។
រីឯ លោក ស៊ុំ ស៊ីថែន អ្នកចាត់ការទូទៅរបស់ «ពូព្រហ្ម» បានឲ្យដឹងថា «នេះជាកិត្តិយសធំមួយ ដែលមហោស្រពភាពយន្តជាតិ បានជ្រើសរើសរឿងទាំង៤នេះ ដែលក្រុមហ៊ុនយើងខ្ញុំ បានចែកចាយកន្លងមក។ ការជ្រើសរើសនេះ សរបញ្ជាក់ថា ខ្សែភាពយន្តទាំងនេះ សុទ្ធតែមានគុណភាពស្តង់ដារជាតិ និងអន្តរជាតិ»។
លោកក៏បាន បន្ថែមថា ក្នុងនាមជាចលករសំខាន់សម្រាប់ ភាពយន្តខ្មែរ «ពូព្រហ្ម» នឹងជួបផ្សព្វផ្សាយព័ត៌មានផ្សេងៗ អំពីមហោស្រពនេះ ដល់មហាជនទូទៅ ក្រៅពីការឧបត្ថម្ភជាថវិកាផងដែរ ដល់រង្វាន់តារាស្រីឆ្នើម ក្នុងឆ្នាំនេះ។
គួរបញ្ជាក់ដែរថា មហោស្រពភាពយន្តជាតិ ២០១៧ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែធ្នូ ខាងមុខនេះ។ ទស្សនិកជនអាចចូលរួមទស្សនា ខ្សែភាពយន្ត ដែលគណៈគម្មការមហោស្រពសម្រាំងមក ដោយឥតគិតថ្លៃ នៅតាមរោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ។ ដោយឡែករឿងដែលដាក់ប្រកួត មានចំនួន១៤ ចំណងជើង ដោយគណៈកម្មការ នឹងជ្រើសរើសយករឿង តែ៩ទេ សម្រាប់វគ្គផ្តាច់ព្រ័ត្រ និងបញ្ចាំង កំឡុងពេលមហោស្រព៕