(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងកំណត់យកថ្ងៃ២៩ ធ្នូ រាល់ឆ្នាំ ដើម្បីប្រារព្ធទិវានយោបាយឈ្នះឈ្នះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងបែបនេះ ខណៈដែលសម្តេច ចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមរបាយការណ៍លទ្ធផលសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «ផ្អែកលើការប្រជុំថ្ងៃនេះ ខ្ញុំនឹងធ្វើសំណើរជូនទៅសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកដ៏សំខាន់នេះ ដើម្បីគាត់កំណត់យក ហើយយើងខ្ញុំបានពិភាក្សា និងឯកភាពរួមគ្នា ថ្ងៃទី២៩ ខែធ្នូ​ ពាក់ព័ន្ធនយោបាយឈ្នះឈ្នះវាបញ្ចប់ទាំងអស់»

គួរបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ គឺ​ជា​យុទ្ធសាស្ត្រ​នយោបាយដ៏​សំខាន់​មួយ​ដែល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​បង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បី​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយ ឈ្នះ-ឈ្នះ បានដាក់ចេញយុទ្ធសាស្ត្រ​បី​ចំណុច​សំខាន់ៗក្នុងការធានាដល់សុវត្ថិភាពសម្រាប់កងទ័ពខ្មែរក្រហម៖ ១. ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។

នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៨ ខណៈដែល អ៊ុនតាក់ចំណាយទឹកប្រាក់អស់ប្រមាណ ២០០០លានដុល្លារតែមិនអាចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះឡើយ។ ការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃជិត ៣ទសវត្សរ៍នេះ បានធ្វើឲ្យកម្ពុជា ទទួលបានពន្លឺសន្តិភាពជាថ្មី និងធ្វើឲ្យកម្ពុជាទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យឈានមករកការរីកចម្រើនដល់ពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា គោលនយោបាយ​តាម​រយៈ​រូបមន្ត​ឈ្នះ​ឈ្នះ​របស់សម្តេច ​ចាប់​តាំង​ពី​សម្តេច​ឡើង​គ្រប់គ្រង​អំណាច​អស់​រយៈពេលជិត៤០​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មាន​និន្នាការ​​មក​ពី​បក្ស​ផ្សេង ហើយ​ធ្លាប់​បញ្ចប់​បញ្ហា​ដោយ​ប្រើប្រាស់​អាវុធ បែរ​មក​បញ្ចប់​បញ្ហា​ដោយ​​អង្គុយ​ពិភាក្សា​លើ​តុ​វិញ។

ប្រមុខ​រដ្ឋាភិបាលកម្ពុជា​អះអាង​ថា តាម​រយៈ​រូបមន្ត​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ឈ្នះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​សុខ​សន្តិភាព​រហូត​ដល់​ពេល​បច្ចុប្បន្ន ហើយ​សម្តេចក៏​ចង់​ឃើញ​​ទិដ្ឋភាព​របស់​​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​មិន​មែន​មក​ពី​បក្ស​គ្រប់គ្រង​អំណាច​អាច​អង្គុយ​ធ្វើ​ការ​រួម​គ្នា​ក្រោម​គោលការណ៍​​ច្បាប់ ជា​ជាង​ការ​ជះ​ទឹក​ដាក់​គ្នា​ដើម្បី​ផលប្រយោជន៍​បក្ស​ខ្លួន៕