(ឡុងដ៍)៖ ព្រះអង្គម្ចាស់ Harry របស់ចក្រភពអង់គ្លេស និងតារាសម្តែងអាមេរិក អ្នកនាង Meghan Markle បានភ្ជាប់ពាក្យជាមួយគ្នា ដោយគ្រោងនឹងរៀបការ នៅនិទាឃរដូវ ឆ្នាំ២០១៨ខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
គូស្នេហ៍ទាំងពីរ បានភ្ជាប់ពាក្យជាមួយគ្នាស្ងាត់ៗកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ព្រមទាំងរស់នៅជាមួយគ្នា ក្នុងព្រះរាជវាំង Kensington ដែលជាកន្លែងព្រះអង្គម្ចាស់ Harry កំពុងរស់នៅបច្ចុប្បន្ន។ សេចក្តីប្រកាសនាថ្ងៃចន្ទនេះ ស្តីអំពីអាពាហ៌ពិពាហ៌ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ ត្រូវបានធ្វើឡើងដោយបិតារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Charles ក្នុងសេចក្តីថ្លែងការណ៍ចេញពីការិយាល័យរបស់ទ្រង់នៅវិមាន Clarence។
ជាមួយគ្នានេះដែរ ម្ចាស់ក្សត្រី Elizabeth ទីពីរ និងព្រះអង្គម្ចាស់ Philip មានក្តីរីករាយជាខ្លាំងចំពោះគូស្នេហ៍ទាំងពីរ ដោយបានផ្តល់ពរដល់ទ្រង់នូវសុភមង្គលគ្រប់ប្រការ៕