(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ណុប រតនា នាយរងសេនាធិការចម្រុះ និង ជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ព្រមទាំងនាយទាហាន នាយទាហារង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមអនាមិកដែលបាន Hack ចូល Facebook Page របស់អង្គភាពព័ត៌មាន Fresh News ហើយផ្សាយព័ត៌មានប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
ឧត្តមសេនីយ៍ឯក ណុប រតនា បានហៅការផ្សាយព័ត៌មានបំពុលសង្គមរបស់ក្រុម Hacker នៅក្រៅប្រទេសទាំងនេះ គឺជាអំពើមានចរិតវិទ្ធង្សសនា ហើយជាអំពើខ្មៅងងឹតនាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
ឧត្តមសេនីយ៍ឯក ណុប រតនា បានប្រកាសសាជាថ្មីអំពីជំហរឥតងាករេ និងការគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាតជាទីបំផុតដើម្បីការពារសុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារឲ្យបានជាដាច់ខាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
មេបញ្ជាការកាំភ្លើងធំរូបនេះ ក៏បានអំពាវនាវដល់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមានវិធានការស្រាវជ្រាវវែករកមុខឧក្រិដ្ឋជនខាងលើនាំយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន៕