(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ ព្រមទាំងនាយទាហាន នាយទាហារង និងពលទាហាន នៃបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមអនាមិកដែលបាន Hack ចូល Facebook Page របស់អង្គភាពព័ត៌មាន Fresh News ហើយផ្សាយព័ត៌មានប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
ឧត្តមសេនីយ៍ឯក ចាប ភក្តី បានហៅការផ្សាយព័ត៌មានបំពុលសង្គមរបស់ក្រុម Hacker នៅក្រៅប្រទេសទាំងនេះ គឺជាអំពើមានចរិតវិទ្ធង្សសនា ហើយជាអំពើខ្មៅងងឹតនាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
ឧត្តមសេនីយ៍ឯក ចាប ភក្តី បានប្រកាសសាជាថ្មីអំពីជំហរឥតងាករេ និងការគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាតជាទីបំផុតដើម្បីការពារសុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារឲ្យបានជាដាច់ខាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
មេបញ្ជាការនៃកងទ័ពឆត្រយោង៩១១ ក៏បានអំពាវនាវដល់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមានវិធានការស្រាវជ្រាវវែករកមុខឧក្រិដ្ឋជនខាងលើនាំយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន៕