(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ប្រកួត កាយវប្បកម្ម MR.MFiT រដូវកាលទី១ បានរកឃើញម្ចាស់ពានរង្វាន់ជើងឯកហើយ ដែលមានគីឡូខុសៗគ្នា ដូចជាទម្ងន់ពី៦០គីឡូ-៦៥គីឡូ, ៦៥គីឡូ-៧០គីឡូ, ៧០គីឡូ-៧៥គីឡូ និង៧៥គីឡូ រហូតដល់៨០គីឡូ។
ម្ចាស់ពានរង្វាន់ ក្នុងទម្ងន់ ៧៥គីឡូ រហូតដល់៨០គីឡូ លោក ឈូង វ៉ៃយ៉ា បានថ្លែងថា «ការខិតខំប្រឹងប្រែងរបស់ខ្ញុំ បានឃើញនូវលទ្ធផលហើយ ខ្ញុំសប្បាយចិត្ដណាស់ ហើយកីឡាប្រភេទនេះ គឺពិបាកណាស់ក្នុងហ្វឹកហាត់ ព្រោះត្រូវការភាពតស៊ូព្យាយាម និងការតំាងចិត្ដខ្ពស់ តែខ្ញុំចូលចិត្ដកីឡានេះ ដូច្នេះខ្ញុំនឹងបន្ដហាត់បន្ថែមទៀត ដើម្បីប្រកួតជាមួយនឹងដៃគូផ្សេងៗទៀត នៅតាមបណ្ដាប្រទេសជិតខាង»។
ទន្ទឹមនឹងនោះ លោក តឹក ប៊ុនវី អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានថ្លែងថា «សម្រាប់ម្ចាស់ពានជើងឯកកីឡា នៃការប្រឡងកាយវប្បកម្ម MR.MFiT រដូវកាលទី១នេះ គឺត្រូវមានលក្ខណៈ ពិសេសចំនួន៣ គឺ ទំហំនៃសាច់ដុំ, ភាពស្មើគ្នានៃសាច់ដុំលើរាងកាយ និងមើលទៅលើ រូបរាងកាយ ពិសេសទីតាំងនៃសាច់ដុំតែម្ដង» ។ ហើយនៅឆ្នាំ២០១៨ខាងមុខនេះ ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ត្រូវបានសិទ្ធពីសហព័ន្ធកីឡាកាយវប្បកម្មពិភពលោក ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតជ្រើសរើសជើងឯក កាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៥ផងដែរ ដែលយើងបានត្រៀមខ្លួនរួចជាស្រេចហើយ»។
លោកបន្ដថា ហើយសម្រាប់ការប្រឡងជ្រើសរើស កាយវប្បកម្ម រដូវកាលទីមួយ ដែលប្រារព្ធធ្វើនៅកោះពេជ្រនេះ កម្មវិធីប្រកួតកីឡាកាយវប្បកម្ម MR.MFiT រដូវកាលទី១ នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន MFiT និងមានការចូលរួមសហការដោយសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា។
ព្រមជាមួយគ្នានេះ លោក អឿ វណ្ណមុនា ជានាយកគ្រប់គ្រង ក្រុមហ៊ុន MFiT «ប្រភេទវិញ្ញាសារនីមួយៗ បានបង្ហាញថា បច្ចេកទេស និងប្រភេទនៃសាច់ដុំរបស់ពួកគាត់ ពិតជាអស្ចារ្យមែន ដែលពួកគាត់សាកសមនឹងទទួលបាន មេដាយមាស មេដាយប្រាក់ ឬមេដាយសំរិទ្ធិ ពានរង្វាន់ លិខិតបញ្ជាក់ជយលាភី និងប្រាក់រង្វាន់លើក ទឹកចិត្តផ្សេងៗទៀតពីកម្មវិធីយើងណាស់។ ខ្ញុំសង្ឃឹមថា កីឡាកាយវប្បកម្មកម្ពុជា នឹងមានភាពរីកចម្រើន និងទទួលបានការគាំទ្ររកាន់តែច្រើន នាពេលខាងមុខដូចប្រទេសជិតខាងដែរ»។
លោកបន្ដថា «ខ្ញុំពិតជាសប្បាយចិត្ត និងរំភើបខ្លាំងណាស់ ដែលពួកយើងអាចរៀបចំកម្មវិធីប្រកួតកីឡាកាយវប្បកម្ម MR.MFiT រដូវកាលទី១នេះ បានយ៉ាងរលូន ដោយមានការសហការជាមួយ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា។ហើយ យើងសង្ឃឹមថា ពួកយើងនឹងអាចរៀបចំកម្មវិធីប្រកួតនេះជារៀងរាល់ឆ្នាំ ព្រោះកម្មវិធីប្រកួតនេះបង្កើតឡើង ដើម្បីលើកស្ទួយកីឡាកាយវប្បកម្មកម្ពុជា និងផ្តល់ឱកាសឲ្យ កីឡាករបានបញ្ចេញនូវសមត្ថភាពមុននឹងឈានទៅប្រកួតក្នុងឆាកអន្តរជាតិ»។
គួរបញ្ជាក់ផងដែរថា MFiT ជាក្រុមហ៊ុនអាហារបំប៉នសាច់ដុំដែលធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានលក់នូវផលិតផលជំនួយឲ្យឡើងសាច់ដុំ ឡើងទម្ងន់ និងបង្កើនកម្លាំងហាត់ ប្រាណ ម៉ាក API ដែលជាផលិតផលអាហារបំប៉នជំនួយសាច់ដុំដែលនាំចូលពីសហរដ្ឋ អាមេរិក និងម៉ាក ALLMAX ដែលជាផលិតផលអាហារបំប៉នជំនួយសាច់ដុំដូចគ្នាដែលនាំ ចូលពីប្រទេសកាណាដា ព្រមទាំងសម្ភារៈជំនួយការហាត់ប្រាណ និងកំប៉ុងទឹក ដែលមានគុណភាពខ្ពស់ផងដែរ៕