(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញអ្នកជំនាញមកពីបរទេស៣រូប មកធ្វើសិក្ខាសាលាមួយស្តីពី «ការវាយតម្លៃដីទំនេរ និងការគ្រប់គ្រងប្រព័ន្ធអេកូព្រៃឈើ» នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប «Google Earth» ដែលជាបច្ចេកវិទ្យាថ្មី មានតួនាទីសំខាន់ ក្នុងការគ្រប់គ្រងបញ្ហា ក្នុងការគណនាផ្ទៃដី និងព្រៃឈើ នៅលើពិភពលោក ហើយក៏មានតួនាទីសំខាន់ ក្នុងដោះស្រាយបញ្ហាកសិកម្មផងដែរ ជូនដល់សិក្ខាកាមជាង១០០នាក់ ដើម្បីទទួលយកនូវចំណេះដឹងថ្មីមួយនេះ។

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវសិក្ខាសាលាមួយស្តីពី «ការវាយតម្លៃដីទំនេរ និងការគ្រប់គ្រងប្រព័ន្ធអេកូព្រៃឈើ» ដើម្បីវគ្គបណ្តុះបណ្តាលដល់សិក្ខាកាម នៅតាមបណ្តាស្ថាប័នរដ្ឋ ​និងឯកជននានា ជាពិសេសក្រសួងដែលពាក់ព័ន្ធនោះ គឺក្រសួងកសិកម្ម។

លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងថា «ដោយកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានយើង ជាមួយនឹងវិទ្យាស្ថាន AIT របស់ប្រទេសថៃ យើងក៏បានចាប់អារម្មណ៍ពីបច្ចេកវិទ្យាថ្មី ដែលគេបានរកឃើញពីការគណនាព្រៃឈើ ដែលបាត់បង់ និងការគណនាកាបូន ដែលកើតឡើងដោយសារ Google Earth ដែលគេទើបរកឃើញថ្មី ហេតុដូច្នេះហើយ រាជបណ្ឌិត្យសភា ក៏បានអញ្ជើញអ្នកមានជំនាញទាំងនោះ មកធ្វើបទបង្ហាញជូនដល់សិក្សាកាម ដើម្បីចែករំឡែកចំនេះដឹងថ្មី។

លោកបានបន្ថែមទៀតថា បច្ចេកវិទ្យា Google Earth ដែលគេទើបរកឃើញនេះ គឺសិក្សាស៊ីជម្រៅវាស់ស្ទង់ពីផែនដី និងព្រៃឈើនៅលើពិភពលោក ស្របពេលសព្វថ្ងៃនេះ ផ្ទៃដីនៅតំបន់ទាំងអស់ អាចប្រើប្រាស់ដំណាំប្រភេទណាបាន ហើយព្រៃឈើនៅសល់ប៉ុន្មាន ហើយបាត់បង់អស់ប៉ុន្មានផងដែរ ហើយការដឹងនៃផ្ទៃដី និងព្រៃឈើនេះ បានដឹងក៏ដោយសារបច្ចេកវិទ្យាថ្មីគឺ Google Earth នេះហើយ។

លោក នុត សម្បត្តិ ក៏បានបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជា លើវិស័យកសិកម្ម ដោយសារតែមានការវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយ ថ្ងៃឥតឈប់ឈរ បើយើងធ្វើការមើលឃើញ ពីទិដ្ឋភាពជាក់ស្តែងនោះ គឺមានការផ្លាស់ប្តូរការប្រើប្រាស់ សត្វពាហណៈ មកប្រើកម្លាំងម៉ាស៊ីន និងពីមនុស្សមក ប្រើប្រាស់កម្លាំងម៉ាស៊ីន ដោយប្រើបច្ចេកវិទ្យាទំនើបទៀតផង ក្នុងនោះផងដែរ បើតាមសិក្សាស្រាវជ្រាវរបស់លោកផ្ទាល់ បានបង្ហាញឲ្យឃើញថា កសិករនៅកម្ពុជាកំពុង តែប្រឈមនឹងការខ្វះចំណេះដឹងនៅឡើយ ពោលគឺនៅមានកម្រិតពីបញ្ហាវិស័យកសិកម្មនេះ ហេតុដូច្នេះហើយបញ្ហាបញ្ជៀបចំណេះដឹងជូនដល់កសិករជាបញ្ហាប្រឈមមួយ ដែលកម្ពុជាត្រូវតែដោះស្រាយនាពេលបច្ចុប្បន្ននេះ៕