(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានការចាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ដែលជាស្នាដៃផលិតរបស់លោកស្រី Angela Jolie តាមរយៈផលិតករភាពយន្ត លោក រិទ្ធី ប៉ាន់ ដោយមានការចូលរួមទស្សនាពីនិស្សិត និងសាធារណជនជាង២០០០នាក់។
ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងនៅតាមតំបន់នានា នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការរវាង សាលាក្តីខ្មែរក្រហម និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថាខ្សែភាពយន្តនេះពិតជាមាន សារៈសំខាន់ក្នុងការរំឮកពីការចងចាំ អំពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម និងស្វែងយល់ថាតើជីវិត នៅក្នុងរបបខ្មែរក្រហមរងទុក្ខវេទនា ខ្លោចផ្សារយ៉ាងណាខ្លះ។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា ទោះបីជាយុវជនជាង ៦៥% នៃប្រជាជនកម្ពុជាកើតមិនទាន់របបខ្មែរក្រហម ប៉ុន្តែយុវជនទាំងនោះ គឺជាសាក្សីរស់នៃដំណើរការ នាំយកអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមកជំនុំជម្រះក្តី ដើម្បីស្វែងរកយុត្តិធម៌ និងការពិត ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម ក៏ដូចមនុស្សជាតិទាំងមូល។
មន្ត្រីនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ «តាមរយៈការទស្សនាខ្សែភាពយន្តប្រវត្តិសាស្ត្រនេះ យុវជនអាចសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវ ដែលកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការប្រព្រឹត្តកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញដូចពីអតីតកាល»។
លោកបន្តថា ការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក៏ ជាផ្នែកមួយដែលជួយឱ្យយុវជនបានយល់ដឹងកាន់តែស៊ីជម្រៅ បន្ថែមពីលើរឿងរ៉ាវដែលឪពុកម្តាយ និងជីដូនជីតារបស់ខ្លួនដែលហែលឆ្លងកាត់ និយាយប្រាប់ និងចៀសឱ្យផុតពីការជាន់ដានប្រវត្តិសាស្ត្រ។
បន្ថែមពីលើខ្សែភាពយន្តឯកសារ លោក នេត្រ ភក្ត្រា ក៏បានលើក ទឹកចិត្តដល់ជនរងគ្រោះ នៃរបបខ្មែរក្រហមជួយនិយាយបន្ត និងផ្សព្វផ្សាយពីរឿងរ៉ាវ ដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហម ជូនដល់ក្មេងៗជំនាន់ក្រោយដើម្បីការចងចាំ ទោះបីជាការរំលឹករឿងរ៉ាវនេះធ្វើ ឱ្យពលរដ្ឋមួយចំនួនមានការឈឺចាប់ ពេលរំលឹកពីការឈឺចុកចាប់ រងទុក្ខវេទនារបស់ខ្លួន ព្រោះដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នូវសោកនាដកម្មដូចរបបខ្មែរក្រហមនេះមកលើទឹកដីកម្ពុជាជាថ្មីទៀត។
លោកនេត្រ ភក្ត្រា បានបញ្ជាក់ថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហមគឺជាដំណើរនៃការផ្សះផ្សាជាតិ និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ការយល់ដឹងរបស់យុវជនលើរឿងរ៉ាវសោកនាដកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមជាការចាំបាច់បំផុត។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុង របបខ្មែរក្រហម គឺក្នុងគោលបំណងដើម្បីស្វែងរកអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្ម ផ្តល់យុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់បាត់ បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងចូលរួមស្វែងរកការពិត ជូនមនុស្សជាតិទាំងមូលថា តើមានអ្វីកើតឡើងពិតប្រាកដក្នុងរបបនេះ បានជាធ្វើឱ្យមនុស្សយ៉ាងហោចណាស់ចន្លោះពី ១,៧ លាន ទៅ ២,២ លាននាក់ស្លាប់បាត់បង់ជីវិត៕