(ភ្នំពេញ)៖ កម្មវិធីប្រកួតថតរូបដ៏ធំតែមួយគត់ក្នុងប្រទេសកម្ពុជា គឺកម្មវិធី «ប្រកួតរូបថត Canon Photomarathon Cambodia ២០១៧» ជាកម្មវិធីផ្តល់ប្រយោជន៍យ៉ាងច្រើន ដល់អ្នកស្រលាញ់វិស័យថតរូបសម្រេចក្តីសុបិន្តរបស់ខ្លួន បានវិលត្រឡប់មកវិញហើយ ដែលរៀបចំឡើងដោយក្រុមហ៊ុន i-Qlick Marketing នឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងកោះពេជ្រ ។
បេក្ខជន ដែលចូលរួមប្រកួតទាំងអស់ នឹងទទួលបានការហ្វឹកហាត់ ការចែករំលែកបទពិសោធន៍ ពីអ្នកជំនាញខាងថតរូប ជាមួយគ្នានេះដែរបេក្ខជន ក៏អាចស្វែងពីវិធីសាស្ត្រនៃការថតរូប ការចាប់ប្លង់ល្អៗពីបណ្តាបេក្ខជនដូចគ្នាបានផងដែរ កាន់តែពិសេសនោះ គឺថាបេក្ខជនដែលមានបំណងចូលរួមប្រកួតក្នុងកម្មវិធីប្រកួតរូបថត Canon Photomarathon Cambodia 2017 អាចប្រើកាមេរ៉ាម៉ាកអ្វីក៏បាន ដោយមិនតម្រូវថាត្រូវតែប្រើកាមេរ៉ាម៉ាក Canon នោះទេ លើកលែងតែប្រើស្មាតហ្វូន និងTablet ប៉ុណ្ណោះដែលមិនអាចអនុញ្ញាតិបាន។ ការប្រកួត ចែកចេញជាពីរប្រភេទ គឺទី១-សិស្សានុសិស្ស មានអាយុក្រោម១៨ឆ្នាំ និងទី២-សម្រាប់បេក្ខជនអាយុលើសពី១៨ឆ្នាំឡើង។
លោកសែម រដ្ឋា អ្នករៀបចំកម្មវិធីប្រកួតរូបថតនេះបានឱ្យដឹងថា «ពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នកចូលរួមប្រកួតប្រជែង បានកើនឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០មកម្លេះ ដើម្បីបង្កើនសិល្បៈនៃការថតរូប និងពង្រីកវិស័យថតរូបនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០១៦ ចំនួនអ្នកចូលរួមប្រកួតមានរហូតដល់ជាង១,២០០នាក់ ក្នុងឆ្នាំនេះ អ្នកចូលរួមប្រកួតសម្រាប់ នឹងមានចំនួនច្រើនជាងឆ្នាំមុនៗ ហើយមិនថាអ្នកឈ្នះ ឬអ្នកចាញ់នោះទេ ពួកគេសុទ្ធទទួលបានផល ពីការប្រកួតប្រជែងនេះទាំងអស់ ចំពោះអ្នកទទួលបានជយលាភី នឹងទទួលបានរង្វាន់ច្រើន រីឯកាមេរ៉ា ដែលជារង្វាន់ឆ្នាំនេះពិសេសជាងឆ្នាំមុនៗ សម្រាប់អ្នកឈ្នះទាំង១៨បេក្ខជន ហើយនឹងមានរង្វាន់ជាច្រើនទៀតពីម្ចាស់ Sponsor សម្រាប់អ្នកឈ្នះទាំង១៨នាក់នោះ»។
លោក វាល ច័ន្ទរស្មី ម្ចាស់ជយលាភីម្នាក់ក្នុងការប្រកួតថតរូបក្នុងកម្មវិធី Canon Photomarathon កាលពីឆ្នាំ២០១៦ បានឱ្យដឹងថាលោកបានចូលរួមប្រកួតចំនួន ៣លើករួចមកហើយ ក្នុងនោះទទួលបានជ័យជំនះពីរលើក ហើយសម្រាប់ការប្រកួតប្រជែងរូបថតឆ្នាំ២០១៧នេះ លោកក៏មានបំណងចូលរួមប្រកួតបន្តទៀតដែរ ព្រោះវាជាឱកាសកម្រដែលលោក អាចពង្រីកចំណេះដឹង ខាងវិស័យថតរូប។
លោក បានចែករំលែកបទពិសោធន៍ ដល់អ្នកចូលរួមក្រោយៗថា ពួកគេត្រូវយល់ពីប្រធានបទឱ្យបានច្បាស់លាស់ ថាប្រធានបទនៃកម្មវិធីចង់បានអ្វី ហើយគណៈកម្មការចង់បានអ្វី ពីរូបភាពនៃប្រធានបទនោះ ។ អ្វីដែលកាន់តែសំខាន់ គឺបេក្ខជនដែលចង់ចូលរួមការប្រកួតរូបថត គួរតែមានស្ទាយថតរូបរបស់ខ្លួន និងភាពបង្កើតថ្មី (Creative) ដើម្បីធ្វើគណៈកម្មការពេញចិត្តនិងផ្តល់ពិន្ទុឱ្យខ្ពស់។
លោក ជើរី ថៃ គណៈកម្មាការមួយរូបក្នុងកម្មវិធីប្រកួតរូបថត Canon Photomarathon 2017 បានជំរុញឱ្យអ្នកដែលស្រលាញ់ការថតរូបទាំងអស់ «មិនថាអ្នកអាជីព ឬមិនអាជីព ឬមិនទាន់ជំនាញថតរូបក៏ដោយ» គួរចូលរួមប្រកួតក្នុងកម្មវិធីនេះ ព្រោះធ្វើឱ្យពួកគេអាចរៀន និងទទួលបានបទពិសោធនៃការថតបែបការប្រកួតប្រជែងរូបភាព និងការថតដោយមិនមានការព្រៀងទុក ដើម្បីបង្កើនសមត្ថភាពនៃការថតរូបរបស់ពួកគាត់កាន់តែរីកចម្រើននិងធ្វើឱ្យកម្លាំងនៃចំណង់ចំណូលចិត្តខាងថតរូបរបស់ពួកគាត់កាន់តែកើនឡើងជាងមុន។ ម្យ៉ាងវិញពួកគាត់នឹងមាន ឱកាសជួបជាមួយមនុស្សដទៃ ដែលចូលចិត្តទៅលើផ្នែកនេះដូចគ្នា ដែលពួកគេអាចរៀនសូត្រពីគ្នាបានទៅវិញទៅមក។
បេក្ខភាពគ្រប់រូបអាចចូលរួមការប្រកួតបាន ដោយឥតគិតថ្លៃ ដើម្បីឈ្នះរង្វាន់បានដូចជា Cameral Professional ឱកាសឈ្នះការបណ្តុះបណ្តាល Photogenic នៅ ខេត្តសៀមរាប ឱកាសឈ្នះការបណ្តុះបណ្តាល Photogenic នៅប្រទេសជប៉ុន ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សាធារណៈជនទូទៅក៏ត្រូវបានស្វាគមន៍ឱ្យចូលរួមក្នុងកម្មវីធីនេះផងដែរ ដើម្បីមើលការប្រគុំតន្ត្រីពីតារាចម្រៀង Supper Stars Original Songs ការតាំងពិព័រណ៍ដ៏ធំមួយ និងមានឱកាសឈ្នះកាំមេរ៉ា ជារៀងរាល់ម៉ោង ៕