(កំពង់ចាម)៖ បន្ទាប់ពីទទួលបានការណែនាំរបស់ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងលុបបំបាត់ចំណុះខ្វះខាត ក្នុងកិច្ចប្រតិបត្តិការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដោយចាត់តាំងស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ បើកវគ្គបំប៉នដល់មន្ដ្រីជំនាញរបស់ខ្លួន។
ជាក់ស្ដែងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបើកវគ្គបំប៉នជំនាញ ដល់មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។
ក្នុងវគ្គបំប៉នជំនាញនេះ រួមមាន៖ ទី១៖លំហាត់របៀបកងជួរ និងក្បាច់គុណ, ទី២៖វិធីសាស្ដ្រចាប់ខ្លួនជនល្មើស និងការប្រើប្រាស់ខ្នោះដៃ (ជនល្មើសបើកបរក្នុងស្ថានភាពស្រវឹងកោងកាច ជនល្មើសប្រើហិង្សាតបតជាមួយសមត្ថកិច្ច...), ទី៣៖ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងទី៤៖ក្រមនីតិវិធីព្រហ្មទណ្ឌ។
ក្នុងវគ្គបំប៉ននេះ កម្លាំងនគរបាលចរាចរណ៍ទាំងអស់នោះ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀងៗខ្លួន ដើម្បីបង្កើនសមត្ថកិច្ចភាពរបស់ពួកគេ៕