(ភ្នំពេញ)៖ នាយកការិយាល័យថ្មីរបស់អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំនៅកម្ពុជា-ឡាវ-ថៃ និងជាប្រធានក្រុមការងារបច្ចេកទេស ILO ប្រចាំអាស៊ីខាងកើត លោក Graeme Buckley បានប្ដេជ្ញាថា លោកនឹងបន្តកិច្ចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែប្រសើរឡើងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកនាយក Graeme Buckley នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Graeme Buckley បានបញ្ជាក់ថា តំណែងដែលលោកទទួលបាននេះ ជាឱកាសដ៏ល្អមួយសម្រាប់ឱ្យលោកបន្តកិច្ចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការជាមួយកម្ពុជាថែមទៀត ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានជម្រាបជូនតំណាង ILO ពីកិច្ចការដែលរាជរដ្ឋាភិបាលបានធ្វើជាច្រើនកន្លងមក ចំពោះវិស័យការងារ រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមា ការផ្តល់កិច្ចគាំពារសង្គមនានា និងការដោះស្រាយសម្រួលដល់បន្ទុកចំណាយរបស់កម្មករនិយោជិត ធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង ការរៀបចំចុះបញ្ជីដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឲ្យបេឡាជាតិរបបសន្តិសុខសង្គម ជាអ្នកធ្វើការលើរឿងចុះបញ្ជីរឿងនេះ។
លោក Graeme Buckley បានឯកភាពទាំងស្រុងលើសំណើរបស់លោករដ្ឋមន្រ្តី ដែលបានស្នើសុំ ILO បន្តជួយលើការការកសាងសមត្ថភាពមន្រ្តីអធិការកិច្ចការងារ តាមរយៈគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា ការជួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់លេខាធិការដ្ឋាន នៃគណៈកម្មាធិការអនុវត្តគោលនយោបាយមុខរបរ និងការងារ គោលនយោបាយជាតិស្តីពី ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃសង្គមជាក់ស្តែង ដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញ ការទទួលស្គាល់ជំនាញគ្នា ក្នុងក្របខណ្ឌសមាហរម្មអាស៊ាន។
លោកក៏បានបញ្ជាក់ថា នឹងបន្តកិច្ចសហប្រតិបត្តិការបន្តទៀត ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងផ្តល់នូវសេវាការងារ ព័ត៌មានទីផ្សារការងារ និងមជ្ឍមណ្ឌលការងារ រៀបចំឱ្យមានប្រព័ន្ធសន្តិសុខសង្គម សម្រាប់ពលករកម្ពុជាដែលកំពុងបម្រើការងារនៅក្រៅប្រទេស ដើម្បីឱ្យពួកគេទទួល និងរក្សាបានអត្ថប្រយោជន៍នានា ពេលត្រលប់មកធ្វើការនៅប្រទេសកម្ពុជាវិញ ដូចជាប្រាក់សោធននិវត្តន៍ ស្របទៅតាមសេចក្តីថ្លែងការអាស៊ាន ស្តីពីការការពារសិទ្ធិពលករទេសន្តប្រវេសន៍ ការបន្តការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា ការបន្តជួយយន្តការត្រីភាគីពាក់ព័ន្ធនឹងសំវាទសង្គម ប្រាក់ឈ្នួលអប្បបរិមា ការដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ភាគីទាំងពីរឯកភាពគ្នាគ្រោងរៀបចំជាព្រឹត្តការណ៍ សម្រាប់ដាក់តាំងនូវសកម្មភាព និងសមិទ្ធផលនានា ដែលកើតចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កានេះនៅកម្ពុជា ក្នុងពិធីអបអរសាទរនូវខួបអនុស្សាវរីយ៍គម្រប់ខួប ១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ ILO នាឆ្នាំ២០១៩ ខាងមុខនេះ៕