(ភ្នំពេញ)៖ ពេញមួយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកំពត និងបាត់ដំបង ក្រោមការសម្របសម្រួល តំណាងអយ្យការអមសាលដំបូងរាជធានី-ខេត្តទាំង៣ បានឃាត់ខ្លួនជនបរទេសចំនួន១៦នាក់/ស្រី០២នាក់មាន០៣សញ្ជាតិ ពាក់ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងហួសទិដ្ឋាការកំណត់)។
លោកឧត្តមសេនីយ៍ផ្កាយ៣ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅរាជធានីភ្នំពេញ ដោយឃាត់បានចំនួន១០នាក់ ជាជនជាតិវៀតណាម ០៧នាក់/ស្រី០១នាក់ និងជនជាតិនីហ្សេរីយ៉ា ចំនួន០៣នាក់/ស្រី០១នាក់។ នៅខេត្តបាត់ដំបង ដោយឃាត់ជនជាតិវៀតណាម ចំនួន០៥នាក់(ប្រុស) និងនៅខេត្តកំពត ដោយឃាត់ជនជាតិកូរ៉េ០១នាក់។
សម្រាប់ជនជាតិបរទេសទាំងនេះ ត្រូវបានយកមកសួរនាំ នៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការបន្តទៀត៕